សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលគោលការណ៍​យ៉ាងច្បាស់លាស់ ក្នុងការបង្កើតឱកាសការងារ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់បិតត្រាង ក្រុងកំពង់សោម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ថា សូមអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់បងប្អូនកម្មករ កម្មការនី និយោជកទាំងអស់ និងបានសម្តែងនូវសេចក្ដីសោមនស្សរីករាយដែលបានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការនី នៅទីនេះ ហើយការជួបជុំបងប្អូនកម្មករនិយោជិតលើកនេះ គឺជាកំណត់ត្រាថ្មីក្នុងបរិមាណដ៏ច្រើនរហូតដល់ជាង ៣ម៉ឺននាក់ ព្រមទាំងចូលរួមអបអរសាទរដល់ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ។ កំពុងដំណើរការ និងរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងប្រជាជន។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា ការទទួលបានក្រុមហ៊ុនចំនួន២០០នេះ ពុំមែនកើតឡើងដោយទេវតាទម្លាក់ចុះពីលើមេឃនោះទេ គឺកើតចេញពីការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហើយរាជរដ្ឋាភិបាល និតីកាលទី៧ នៃរដ្ឋសភា នឹងបន្តគាំទ្រដល់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនេះ។ សម្តេចធិបតីជឿជាក់ថា ក្រុមហ៊ុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងមានការកើនឡើងជាលំដាប់ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។

ទន្ទឹមនឹងការសម្តែងភាពសប្បាយរីករាយ ដែលបានជួបសំណេះសំណាលយ៉ាងស្និទស្នាលនេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា រាជរដ្ឋាភិបាល មានគោលជំហរក្នុងការចាប់យកការវិនិយោគមកពីគ្រប់ប្រទេស ដោយដាក់ចេញគោលនយោបាយ ដើម្បីទាក់ទាញវិនិយោគិននានា មកបណ្តាក់ទុន និងបើកដំណើរការក្រុមហ៊ុននៅទឹកដីកម្ពុជា។ រាជរដ្ឋាភិបាលស្វាគមន៍ និងចាប់យកក្រុមហ៊ុនវិនិយោគទាំងអស់ គឺអាចនិយាយបានថា ចាប់យក “ទាំងសាច់គោ និងស្ពៃ” ក្នុងគោលដៅសំខាន់តែមួយ គឺដើម្បីផ្តល់ផលប្រយោជន៍ជូនជាតិ និងប្រជាជន។ ជាក់ស្តែងតំបន់សេដ្ឋកិច្ចពិសេសនេះ បានបង្កើតការងារយ៉ាងច្រើនជូនបងប្អូនកម្មករនិយោជិតរហូតដល់ជាង ៣ម៉ឺននាក់ ដែលនេះជាសាក្ខីភាពពិតដែលធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសទាំង៥ក្នុង ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចទី២របស់កម្ពុជា ផ្តល់ប្រាក់ឈ្មួលមធ្យមសរុបប្រចាំឆ្នាំ ប្រមាណជាង ១៧៨ លានដុល្លា និងបានចូលរួមចំណែកដល់បង្កើតការងារ នៅទូទាំងប្រទេសប្រមាណជាង ១.៨ លាននាក់៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner