អាមេរិកថា ការបាញ់មន្ត្រីទូតជាភេរវកម្ម

បរទេស ៖ ការបាញ់សម្លាប់ មន្ត្រីស្ថានទូតអ៊ីស្រាអែល នៅខាងក្រៅ សារមន្ទីរ ជ្វីហ្វ ស្ថិតនៅក្នុងក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នឹងត្រូវស៊ើបអង្កេតថា ជាអំពើភេរវកម្ម។

លោកស្រី Jeanine Pirro មេធាវីបណ្តោះអាសន្ន របស់សហរដ្ឋអាមេរិក សម្រាប់តំបន់ Columbia បាននិយាយថា ក្រុមមន្ត្រីនឹងបន្តស៊ើបអង្កេត ការបាញ់សម្លាប់នេះ ដោយចាត់ទុកថា «ជាឧក្រិដ្ឋកម្ម គួរឲ្យស្អប់ខ្ពើម និង ជាអំពើភេរវកម្ម»។ លោកស្រី Pirro បាននិយាយទៀតថា «នេះជាករណី ដែលមានសិទ្ធិ ទទួលទោសប្រហារជីវិត។

ជាការកត់សម្គាល់ ក្រោយការបាញ់ប្រហារ ភាពតានតឹងអន្តរជាតិ ជុំវិញការប្រឆាំងនឹងពួកយូដា បានផ្ទុះឡើង កាលពីថ្ងៃព្រហស្បតិ៍ ដោយគេដឹងថា ខ្មាន់កាំភ្លើងបានស្រែកថា «ដោះលែងប៉ាឡេស្ទីន» ក្នុងពេលដែលរូបគេ ត្រូវបានចាប់ខ្លួន។

គួររម្លឹកថា មន្ត្រីស្ថានទូតអ៊ីស្រាអែល ប្រចាំនៅអាមេរិក ២នាក់ ត្រូវបានបាញ់សម្លាប់ នៅខាងក្រៅសារមន្ទីរ ជ្វីហ្វ ស្ថិតនៅក្នុងក្រុងវ៉ាស៊ីនតោន កាលពីល្ងាចថ្ងៃពុធ។ ប៉ូលីសបានកំណត់អត្តសញ្ញាណ ខ្មាន់កាំភ្លើង មានឈ្មោះថា Elias Rodriguez អាយុ៣០ឆ្នាំ មកពីទីក្រុង Chicago។

ប្រធានាធិបតី Donald Trump បានថ្កោលទោស ការវាយប្រហារភ្លាមៗ ដោយនិយាយថា «ការសម្លាប់ នេះ គឺជាទង្វើដ៏អាក្រក់ ហើយ ការប្រឆាំងដោយពួកជ្រុលនិយម ត្រូវតែបញ្ចប់ ឥឡូវនេះ!»៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner