រដ្ឋបាលខេត្តបន្ទាយមានជ័យបញ្ជូនគ្រឿងចក្រទៅកាយបើកមុខទឹកបញ្ចៀសការជន់លិចនៅព្រំប្រទល់ស្រុកចំនួនពីរ

បន្ទាយមានជ័យ៖ដើម្បីបញ្ចៀសពីការលិចលង់ស្រូវ ដោយសារការមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃ រដ្ឋបាលខេត្ត
បន្ទាយមានជ័យដោយមានមន្ទីរជំនាញជាសេនាធិការ បានបញ្ជូនគ្រឿងចក្រទៅកាយបើកមុខទឹកពីផ្នែកខាងលើ ត្រង់​ចំណុចភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ដែលមានព្រំប្រទល់ជាប់នឹងស្រុកស្វាយចេក ដើម្បីបញ្ចៀសការ លិចលង់ដំណាំស្រូវដែលទើបនឹងដាំដុះ។

នៅចុងសប្ដាហ៍នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្រ្តីជំនាញនៃមន្ទីរធនធានទឹកនិង​ឧតុនិយមខេត្ត អភិបាលក្រុងសិរីសោភ័ណ បានអញ្ជើញពិនិត្យសកម្មភាពគ្រឿងចក្រចុះ​កាយបើកមុខទឹក ដើម្បី​បញ្ចៀស​ការជន់លិចដំណាំស្រូវនៅចំណុចអូរព្រំប្រទល់ឃុំស្លក្រាម ស្រុកស្វាយចេក និងភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ។

ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្ត បានរំលឹកដល់រដ្ឋបាលក្រុង -ស្រុកទាំង៩ ឱ្យ យកចិត្តទុកដាក់តាមដានស្ថានភាពទឹក ខណៈមួយរយៈនេះមានភ្លៀងជាបន្តបន្ទាប់ ដែលអាចប្រឈមនឹងជំនន់ទឹកភ្លៀង ។ឯកឧត្តមបញ្ជាក់ថា ក្នុងករណី​តំបន់​ដែលប្រឈមនឹងជំនន់ទឹកភ្លៀង ត្រូវរកគ្រប់មធ្យោបាយដើម្បីការរំដោះទឹកកុំឱ្យមានការជន់លិច។មួយវិញទៀត ក្នុងករណី​ជំនន់ទឹកភ្លៀងធំ ​ត្រូវជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព៕
អត្ថបទនិងរូបភាព៖ ឃិន គន្ធា

ads banner