ប្រជាពលរដ្ឋ ឃុំអូរសោម ខេត្តពោធិ៍សាត់ បង្កើនការដាំដុះទុរេនបន្ថែមទៀត ដើម្បីត្រៀមផ្គត់ផ្គង់ទៅទីផ្សារប្រទេសចិន
(ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករដាំទុរេន នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីក្តាប់ស្ថានភាពផលិតកម្ម ស្តាប់សំណូមពរ និងផ្តល់ការគាំទ្រចាំបាច់ ។

ឯកឧត្តមរដ្ឋមន្ត្រីពិតជារីករាយដែលបានស្តាប់ឮផ្ទាល់ថា កសិករដាំទុរេននៅឃុំអូរសោមទទួលបានប្រាក់ចំណេញច្រើន និងកំពុងបង្កើនការដាំដុះបន្ថែមដើម្បីត្រៀមផ្គត់ផ្គង់ទៅទីផ្សារប្រទេសចិន នាពេលខាងមុខ ក្រោយពីរាជរដ្ឋាភិបាលសម្រេចបានការបើកទីផ្សារដើម្បីនាំចេញទុរេនកម្ពុជាទៅប្រទេសចិន កាលពីខែមេសាកន្លងទៅ។ ជាក់ស្តែង កសិករមួយរូបដែលមានផ្ទៃដីដាំដុះទុរេនចំនួន៣០ហិកតា អះអាងថា លោកអាចរកបានប្រាក់ចំណេញប្រមាណ ២៥ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ កសិករមួយរូបទៀតកំពុងសាងសង់ឃ្លាំងវេចខ្ចប់ទុរេនអូរសោម ដើម្បីសាកល្បងនាំចេញទៅប្រទេសចិន នាពេលខាងមុខផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើ និងលើកទឹកចិត្តបងប្អូនកសិករដាំទុរេនឱ្យអនុវត្តកម្មវិធីកសិកម្មល្អឱ្យបានខ្ជាប់ខ្ជួនដើម្បីរក្សាកេរ្តិ៍ឈ្មោះល្អរបស់ទុរេនកម្ពុជា ហើយក្រសួងនឹងផ្តល់ការគាំទ្រចាំបាច់ រួមមានការចុះបញ្ជីចម្ការ ការប្រើប្រាស់ជីនិងថ្នាំកសិកម្មឱ្យមានប្រសិទ្ធភាព ព្រមទាំងការចាត់មន្ត្រីចុះមកពិនិត្យ និងវាយតម្លៃការរៀបចំឃ្លាំងវេចខ្ចប់ទុរេនសម្រាប់នាំចេញនេះឱ្យត្រូវតាមស្តង់ដារដែលប្រទេសចិនតម្រូវ។ ជាងនេះទៀត ក្រសួងគ្រោងនឹងបង្កើតស្ទីកឃ័រកំណត់ប្រភពកសិផលកម្ពុជាក្នុងទម្រង់ជា QR Code ដើម្បីជួយបង្ការការក្លែងបន្លំប្រភពកសិផលកម្ពុជា ក៏ដូចជាបង្កើនទំនុកចិត្តរបស់អ្នកទិញ និងអ្នកទទួលទាន។ ក្រោយកិច្ចសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញពិនិត្យចម្ការទុរេន និងឃ្លាំងវេចខ្ចប់ទុរេនដែលកំពុងសាងសង់សម្រាប់បម្រើឱ្យការនាំចេញ៕
ប្រភព ៖ ក្រសួងកសិកម្ម


