លោក Trump ថា អាមេរិកកំពុងរៀនសូត្រពីសង្គ្រាមអ៊ុយក្រែន

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់និស្សិតបញ្ចប់ការសិក្សានៅបណ្ឌិតសភាយោធា West Point កាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលអាមេរិកកំពុងរៀនសូត្រ និងបន្តតាមដានការវិវត្តន៍ថ្មីៗ នៃសង្គ្រាមយន្តហោះគ្មានមនុស្សបើកនៅក្នុងជម្លោះរុស្ស៊ី និងអ៊ុយក្រែន។

ការអះអាងបែបនេះរបស់លោកប្រធានាធិបតី ត្រាំ កើតឡើងស្របពេលដែលកាសែត The Times បានរាយការណ៍ថា រុស្ស៊ីកំពុងយកឈ្នះអ៊ុយក្រែនក្នុងសង្គ្រាមយន្តហោះដ្រូន នៅពេលនិយាយអំពីការផលិតយន្តហោះគ្មានមនុស្សបើក (UAVs) និងការប្រើប្រាស់ពួកវាប្រយុទ្ធនៅក្នុងសមរភូមិ។

លោក ត្រាំ បានគូសបញ្ជាក់ថា អាមេរិកកំពុងរៀនសូត្រពីកលល្បិច ដែលទាំងរុស្ស៊ី និងអ៊ុយក្រែនប្រើ ហើយថា នេះជារឿងសំខាន់ ដើម្បីបង្កើនការត្រៀមខ្លួនកម្រិតខ្ពស់ ចំពេលមានការវិវត្តន៍យ៉ាងរហ័សផ្នែកបច្ចេកវិទ្យាសព្វាវុធទំនើបធ្វើសង្គ្រាម។ ទន្ទឹមគ្នា មេដឹកនាំអាមេរិករូបនេះ បានអំពាវនាវដល់កម្មាភិបាលឲ្យមានភាព ក្លាហាន ក្នុងការធ្វើទំនើបកម្មវិស័យយុទ្ធសាស្ត្រ និង យុទ្ធសាស្ត្រយោធា។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានលើកសរសើរពីតួនាទីរបស់យន្តហោះដ្រូន ដែលកំពុងប្រយុទ្ធនៅលើសមរភូមិក្នុងខែមេសា។ ថ្លែងនៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការឧស្សាហកម្មយោធារុស្ស៊ី លោកប្រធានាធិបតី ពូទីន បានហៅយន្តហោះដ្រូន UAVs ថា ជា “សព្វាវុធដ៏សំខាន់មួយ ដែលអាចនាំមកនូវជ័យជំនះក្នុងសមរភូមិ។

យោងតាមលោកប្រធានាធិបតី យន្តហោះដ្រូន FPV ចំនួន ៤.០០០គ្រឿងត្រូវបានបញ្ជូនទៅកាន់កងទ័ពរុស្ស៊ីជារៀងរាល់ថ្ងៃស្ទើរពេញមួយឆ្នាំ២០២៤ ដើម្បីប្រយុទ្ធនឹងទាហានអ៊ុយក្រែន។ ដ្រូន FPV ភាគច្រើនប្រើប្រាស់ដើម្បីវាយប្រហារគោលដៅជាច្រើន ចាប់ពីរថក្រោះ និងរថពាសដែក រហូតដល់យន្តហោះដ្រូនដូចគ្នា៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner