មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” បានសហការជាមួយនឹង ក្រុមហ៊ុន មេនហ្គ្រោវ ស្ទូឌីយ៉ូ ឯ.ក ដើម្បីបង្កើតវគ្គបណ្ដុះបណ្ដាលស្ដីពី៖ ”ការផ្សព្វផ្សាយតាមបណ្តាញសង្គម ការរចនា និងការបង្កើតមាតិកាដោយប្រើ AI សម្រាប់អាជីវកម្មតូច និងមធ្យម”
ភ្នំពេញ ថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៥ – មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” បានសហការជាមួយនឹង ក្រុមហ៊ុន មេនហ្គ្រោវ ស្ទូឌីយ៉ូ ឯ.ក ដើម្បីបង្កើតវគ្គបណ្ដុះបណ្ដាលស្ដីពី៖ ”ការផ្សព្វផ្សាយតាមបណ្តាញសង្គម ការរចនា និងការបង្កើតមាតិកាដោយប្រើ AI សម្រាប់អាជីវកម្មតូច និងមធ្យម” នៅក្នុងគម្រោង កម្មពិធីបរិវត្តកម្មឌីជីថលសហគ្រាស ដែលសហការរៀបចំជាមួយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងគាំទ្រថវិការដោយ មូលនិធិអភិវឌ្ឍជំនាញ (SDF)។


កម្មពិធីនេះត្រូវបានរៀបចំឡើងដើម្បីជំរុញ និងបណ្ដុះបណ្ដាលការចាប់យកឌីជីថលរបស់សហគ្រាសគ្រប់កម្រិត និង គ្រប់វិស័យក្នុងន័យពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ ធានាបាននូវចីរភាពនៃអាជីវកម្ម បង្កើនផលិតភាព និង សមត្ថភាពប្រកួតប្រជែង ព្រមទាំងពង្រីកទីផ្សារ និងប្រសិទ្ធភាពសេដ្ឋកិច្ច។ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាលក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺជាស្ថាប័នអនុវត្តកម្មពិធីនេះ។

កម្មពិធីនេះមានគោលបំណងបណ្តុះបណ្តាលសហគ្រាសធុនតូច និងមធ្យម (SMEs) អំពីជំនាញក្នុងការបង្កើត រៀបចំ និងអនុវត្តយុទ្ធសាស្ត្រទីផ្សារលើបណ្តាញសង្គមដែលមានប្រសិទ្ធភាព ដោយផ្អែកលើគោលការណ៍ស្នូលនៃ Branding ការរចនាក្រាហ្វិក និងឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ដែលបណ្តុះបណ្តាលដោយអ្នកជំនាញ ក្នុងផ្នែកទីផ្សារដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។
កម្មពិធីនេះមានគោលដៅក្នុងការបណ្តុះបណ្តាលសហគ្រាសធុនតូច និងមធ្យម (SMEs) ចំនួន ៧៥០សហគ្រាស នៅខេត្តទាំង១០ នៃប្រទេសកម្ពុជា តាមរយៈវគ្គបណ្តុះបណ្តាលចំនួន ២៥វគ្គ សម្រាប់អាជីវកម្មដែលបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម (MOC) ដែលចូលរួមដោយឥតគិតថ្លៃ។ រាជធានី និងខេត្តដែលនឹងទទួលបានវគ្គបណ្តុះបណ្តាលទាំង១០រួមមាន៖ ភ្នំពេញ សៀមរាប បាត់ដំបង ព្រះសីហនុ កំពង់ចាម កោះកុង រតនគិរី បន្ទាយមានជ័យ កំពត និងខេត្តកែប។

តាមរយៈគម្រោង កម្មពិធីបរិវត្តកម្មឌីជីថលសហគ្រាស មានការរំពឹងទុកថា សហគ្រិនដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលអាចរៀបចំយុទ្ធសាស្ត្រទីផ្សារលើបណ្តាញសង្គមប្រកបដោយប្រសិទ្ធភាព ដោយផ្អែកលើគោលការណ៍ស្នូលនៃ Branding ការរចនាក្រាហ្វិក និងបង្កើតមាតិកាដោយប្រើបញ្ញាសិប្បនិម្មិត (AI) ហើយ អាចយកជំនាញដែលបានរៀនទាំងអស់ទៅអនុវត្តផ្ទាល់នៅលើអាជីវកម្មរបស់គាត់បាន។
យើងសូមលើទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម ចូលរួមជាមួយយើងទាំងអស់គ្នាដើម្បីកសាងអនាគតនៃអាជីវកម្មឌីជីថល កាន់តែរីកចម្រើន។




សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់៖
Phone Number: 098 567 139 / 061 727 817 / 099 216 940
Email: [email protected] / [email protected]
Facebook Page: Enterprises Go Digital / Mangrove Studio
ដោយ ទីផ្សារ




