ក្នុងជំនួបជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា  ប្រធានបេសកកម្ម IOM សរសើរនិងលើកទឹកចិត្តការខិតខំរបស់កម្ពុជា

(ភ្នំពេញ)៖ ក្នុងជំនួបជាមួយ ​​​​​​​ឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នេះលោកស្រី Nellie GUSAYNI ប្រធានបេសកកម្មនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) ថ្លែងដោយមិនអល់អែកថា ក្នុងនាមជាជនជាតិលីបង់ ម្នាក់ លោកស្រីដឹងនិងយល់អំពីទុក្ខលំបាករបស់ប្រទេសដែលមានសង្គ្រាមស៊ីវិល ព្រមទាំងបញ្ហាជាច្រើនដែលត្រូវការពេលវេលា ដើម្បីដោះស្រាយ ហើយលោកស្រីបានវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាកន្លងមក។

លោកស្រី Nellie GUSAYNI បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត ទៀតថា លោកស្រីទទួលស្គាល់ថាបញ្ហាជួញដូរមនុស្ស មានវិសាលភាពធំធេង និងជាការគំរាមកំហែងពិភពលោក មិនមែនតែប្រទេសកម្ពុជាតែមួយគត់ឡើយ និងថាបញ្ហានេះ មិនអាចដោះស្រាយបាន ដោយផ្អែកតែលើរាជ ឬរដ្ឋាភិបាលនៃប្រទេសមួយនោះឡើយ គឺត្រូវតែមានការគាំទ្រសហការ រួមទាំងពីអង្គការបរទេស។

ក្នុងឱកាសនោះដែរ លោកស្រី Nellie GUSAYNI ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចសហការយ៉ាងយូរលង់មកនេះ និងការរក្សានាមជាជ័យលាភីក្នុងការអនុវត្ត។ លោកស្រីក៏បានគូសបញ្ជាក់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងមហាផ្ទៃ ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា  ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃ​ខ្ពស់ចំពោះលោកស្រីប្រធានបេសកកម្ម និងអង្គការ IOM ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួងមហាផ្ទៃកម្ពុជា និងអង្គការ IOM ព្រមទាំងការជួយគាំទ្រដល់ប្រទេសកម្ពុជា ទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស និងជំនួយសម្ភារៈបច្ចេកទេស ជាបន្តបន្ទាប់ បម្រើដល់ការងារពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍។ 

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណអង្គការ IOM ដែលបានជួយជ្រោមជ្រែងប្រទេសកម្ពុជា រហូតទទួលស្គាល់ជាប្រទេសជ័យលាភីក្នុងការអនុវត្តកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM) នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ព្រមទាំងការបន្តគាំទ្រឱ្យមានកិច្ចសហការ និងការប្រជុំផ្លាស់ប្តូរយោបល់ ក្នុងនាមជាប្រទេសជ័យលាភី ក្នុងការអនុវត្ត GCM និងការគាំទ្រឱ្យកម្ពុជាធ្វើជាសហប្រធានជាមួយក្រុមបណ្តាញអង្គការសហប្រជាជាតិ ពាក់ព័ន្ធទេសន្តរប្រវេសន៍ក្នុងតំបន់  និងដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រទេសជ័យលាភីក្នុងតំបន់ថែមទៀត។

ក្នុងជំនួបនេះផងដែរ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកស្រី Nellie GUSAYNI បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងសង្ឃឹមយ៉ាងម៉ុតមាំថាកិច្ចសហការដ៏ស្អិតល្មួតរវាងអង្គការ IOM និងរាជរដ្ឋាភិបាលកម្ពុជានឹងបន្តទៅមុខទៀត៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner