ក្រសួងកសិកម្មបើកកិច្ចប្រជុំដើម្បីពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងប្រកាសស្ដីពី នីតិវិធី និង ការចុះបញ្ជី ជីកសិកម្ម

(ភ្នំពេញ)៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបើកកិច្ចប្រជុំមួយជាមួយមន្រ្តីជំនាញដើម្បីពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងប្រកាសស្ដីពី នីតិវិធី និងការតម្រូវបមាណីយសម្រាប់ការចុះបញ្ជី ជីកសិកម្មសំដៅធ្វើយ៉ាងណាឱ្យស្របតាមស្ថានភាពសង្គមជាក់ស្តែង។

ក្រសួងកសិកម្មបានឱ្យដឹងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នេះថាកិច្ចប្រជុំនេះបានធ្វើឡើងដោយឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សំដៅធ្វើយ៉ាងណាពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងប្រកាសស្ដីពី នីតិវិធី និងការតម្រូវបមាណីយសម្រាប់ការចុះបញ្ជី ជីកសិកម្ម។ កិច្ចប្រជុំនេះ មានការចូលរួមផងដែរពីថ្នាក់ដឹកនាំទទួលបន្ទុកធាតុចូលកសិកម្ម តំណាងអគ្គនាយកដ្ឋានកសិកម្ម និងមន្ត្រីជំនាញពាក់ព័ន្ធ។

ក្រសួងកសិកម្មបានឱ្យដឹងដែរថា គោលបំណងនៃកិច្ចប្រជុំនេះគឺធ្វើបច្ចុប្បន្នភាពនីតិវិធី និងការតម្រូវបមាណីយសម្រាប់ការចុះបញ្ជី ជីកសិកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យស្របតាមស្ថានភាពសង្គម សេដ្ឋកិច្ច។

ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់ថារាល់ការនាំចូលជីកសិកម្ម ត្រូវបំពេញលក្ខខណ្ឌតម្រូវបមាណីយសម្រាប់ការចុះបញ្ជីជីកសិកម្ម និងត្រូវត្រួតពិនិត្យលក្ខខណ្ឌបច្ចេកទេសតាមនីតិវិធីក្នុងច្បាប់ស្ដីពីការគ្រប់គ្រងជីថ្នាំកសិកម្ម និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ឯកឧត្តមរដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំទទួលបន្ទុកធាតុចូលកសិកម្ម និងអគ្គនាយកដ្ឋានកសិកម្ម ដែលបានបំពេញការងារពាក់ព័ន្ធក្នុងការគ្រប់គ្រងធាតុចូលកសិកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner