ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នឹងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការចុះបញ្ជីដីតំបន់៣ នៃតំបន់បឹងទន្លេសាបជាដីសាធារណៈរបស់រដ្ឋ និងចុះបញ្ជីដីតំបន់២ ជាដីឯកជនរបស់រដ្ឋ

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា យើងនឹងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការចុះបញ្ជីដីតំបន់៣ ជាដីសាធារណៈរបស់រដ្ឋ និងដីតំបន់២ ជាដីឯកជនរបស់រដ្ឋ , តំបន់១ គឺទទួលខុសត្រូវដោយរដ្ឋបាលខេត្ត អាជ្ញាធរដែនដី, តំបន់២ ទទួលខុសត្រូវដោយក្រសួងកសិកម្មប៉ុន្តែត្រូវធ្វើប្រតិភូកម្មឱ្យទៅអាជ្ញាធរខេត្តគ្រប់គ្រង, តំបន់៣ ទទួលខុសត្រូវដោយក្រសួងបរិស្ថាន, ដោយឡែកការទទួលខុសត្រូវលើដីបឹងទន្លេសាបជារួម ទាំងបរិមាណនិងគុណភាពទឹកគឺក្រសួងធនធានទឹកនិងឧតុនិយមជាអ្នកទទួលខុសត្រូវ។

នេះជាប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំករណីសំណើសុំចុះបញ្ជីដីតំបន់៣ នៃដែនព្រៃលិចទឹកស្ថិតនៅក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាបជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋស្ថិតក្នុងបញ្ជីសារពើភ័ណ្ឌរបស់ក្រសួងធនធានទឹក និងឧតុនិយម នឹងសំណើសុំចុះបញ្ជីដីរដ្ឋតំបន់២ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់ក្រុមការងាររបស់អគ្គនាយកដ្ឋានសុរិយោដីដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនជាពិសេសការចុះបញ្ជីដីនៅតំបន់ទន្លេសាបនេះទន្ទឹមនឹងការចុះបញ្ជីដីធ្លីទូទាំងប្រទេស ដែលការចុះបញ្ជីនៅទន្លេសាបនេះមិនមែនជាកិច្ចការងាយស្រួលនោះទេដោយក្នុងនោះត្រូវចុះបញ្ជីដីនៅជាង ៨០ ឃុំក្នុងបណ្ដាខេត្តចំនួន៦ ជុំវិញបឹងទន្លេសាប ។

ផ្តើមចេញពីបញ្ហាដែលត្រូវពិភាក្សានាពេលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានដាក់ចេញនូវទស្សនៈវិស័យមួយចំនួនដើម្បីជួយសម្រួលដល់ការបំពេញការងារពាក់ព័ន្ធនឹងករណីនេះ ក្នុងនោះត្រូវមានការឯកភាពគ្នាដោយត្រូវប្រកាន់លើគោលជំហររៀបចំតំបន់បឹងទន្លេសាប ឱ្យមានរបៀបរៀបរយត្រឹមត្រូវ ចៀសវាងកុំឱ្យបាត់បង់ពីព្រោះបឹងទន្លេសាបមានអត្ថប្រយោជន៍ដ៏ច្រើនមហាសាលសម្រាប់សេដ្ឋកិច្ចជាតិ, ឃុំនីមួយៗនៃបណ្ដាខេត្តជុំវិញបឹងទន្លេសាបត្រូវមានផែនទីប្រើប្រាស់ដីដូចនៅតំបន់អង្គរដែរ, ត្រូវមានការកំណត់ផ្ទះទឹកអោយបានច្បាស់លាស់, ត្រូវចូលរួមសម្របសម្រួលនូវភាពមិនចុះសម្រុងគ្នារវាងក្រសួងស្ថាប័នពាក់ព័ន្ធនីមួយៗដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិជារួម, កំណត់អំពីការទទួលខុសត្រូវនិងលើកតម្កើងកិត្យានុភាពអាជ្ញាធរទន្លេសាបដែលជាអង្គស្ថាប័នសម្របសម្រួលការងារយុទ្ធសាស្ត្ររបស់បឹងទន្លេសាប ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើឱ្យអាជ្ញាធរទន្លេសាបដឹកនាំសម្របសម្រួល ពិនិត្យស្ថានភាពបឹងទន្លេសាបជារួម ដើម្បីអភិរក្សជីវចម្រុះនិងស្វែងរកនូវការឯកភាពគ្នាក្នុងការផ្លាស់ប្ដូរស្ថានភាពរបស់បឹងទន្លេសាបឱ្យកាន់តែល្អប្រសើរជាងមុន ដើម្បីរក្សាបឹងដែលមានអត្ថប្រយោជន៍ដ៏ច្រើនមហាសាលនេះទុកជាមរតកបន្តជំនាន់ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner