រុស្ស៊ី-អ៊ុយក្រែនត្រៀមជួបគ្នាជុំទី២
បរទេស ៖ ភាគីរុស្ស៊ីបានបង្ហាញពីគម្រោងការ ជួបចរចាសន្តិភាព ជាមួយអ៊ុយក្រែន ជុំទីពីរ នៅទីក្រុង អ៊ីស្តង់ប៊ុល នៃប្រទេសតួកគី។
ថ្លែងបន្ទាប់ពីមានជំនួបជាមួយសមភាគីទួកគី លោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានស្នើថា ការចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ដោយផ្ទាល់ម្តងទៀត គួរតែបន្តធ្វើ នៅទីក្រុងអ៊ីស្តង់ប៊ុល ដោយបន្ថែមថា ទីក្រុងរបស់ទួកគី មួយនេះ គឺជាទីតាំង “ល្អណាស់”។
យ៉ាងណាមិញ ក្រោយការជួបគ្នាលើកទី១ នៅប្រទេសតួកគី មានសេចក្តីរាយការណ៍ថា ភាគីទាំងពីរបន្តវាយប្រហារគ្នា តាមអាកាស ជាធម្មតា។ តែ ថ្មីៗនេះ មានការដោះដូរអ្នកទោសដ៏ច្រើន មិនធ្លាប់មានរវាងរុស្ស៊ី និងអ៊ុយក្រែន។
នៅក្នុងសន្និសីទសារព័ត៌មាន នាពេលនោះ លោក Lavrov ក៏បានចំអក ចំពោះអ្វី ដែលលោកហៅថា “ភាពល្ងង់ខ្លៅ” និង “អសមត្ថភាព” របស់មេដឹកនាំអឺរ៉ុប ពោលគឺបន្ទាប់ពី អធិការបតីអាល្លឺម៉ង់ Friedrich Merz បាននិយាយ កាលពីថ្ងៃចន្ទថា អ្នកគាំទ្រលោកខាងលិចសំខាន់ៗ របស់អ៊ុយក្រែន បានទម្លាក់ការរឹតបន្តឹង លើការបញ្ជូនអាវុធ ទៅកាន់ទីក្រុង Kyiv ដោយលោកហៅ សេចក្តីប្រកាសនេះថា បង្កឱ្យមានការភាន់ច្រឡំ យ៉ាងទូលំទូលាយ អំពីគោលនយោបាយ របស់លោកខាងលិច៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត