បច្ចេកវិទ្យាផ្កាយរណបនឹងនាំលុយ ១០០ពាន់លានដុល្លារដល់ GDP របស់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០៣០

សិង្ហបុរី ៖ ការបង្កើនបច្ចេកវិទ្យាអវកាស និងការបញ្ជូនផ្កាយរណបបន្ថែមទៀតទៅកាន់ទីអវកាស ដើម្បីបម្រើជា “ភ្នែកលើផែនដី” នឹងស្រូបទាញលុយ ១០០ពាន់លានដុល្លារទៅក្នុងផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអាស៊ីអាគ្នេយ៍នៅឆ្នាំ២០៣០ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Strait Times។

យោងតាមរបាយការណ៍ថ្មីមួយរបស់ក្រុមហ៊ុន Singapore Space and Technology Ltd (SSTL) និងក្រុមហ៊ុនប្រឹក្សា Deloitte មិនរកប្រាក់ចំណេញ បានឱ្យដឹងថា ៩០%នៃអត្ថប្រយោជន៍សេដ្ឋកិច្ចបន្ថែមនេះ ត្រូវបានរំពឹងថា នឹងបញ្ជូនទៅក្នុងឧស្សាហកម្មសំខាន់ៗចំនួនបួន មានដូចជាកសិកម្ម រ៉ែ និងប្រេង ឧស្ម័ន អគ្គិសនី និងការឆ្លើយតបបន្ទាន់។

តួយ៉ាង វិស័យអគ្គិសនី និងឧបករណ៍ប្រើប្រាស់អាចទទួលបានអត្ថប្រយោជន៍ច្រើន ដោយសាររូបភាពពីផ្កាយរណបអាចជួយក្រុមហ៊ុនថាមពលស្វែងរកទីតាំងសម្រាប់រោងចក្រថាមពលពន្លឺព្រះអាទិត្យ ឬរោងចក្រផលិតថាមពលខ្យល់នៅក្នុងប្រទេសថៃ ដែលមានបំណងចង់ឱ្យ ៥១%នៃថាមពលអគ្គិសនីរបស់ខ្លួនបានមកពីថាមពលកកើតឡើងវិញនៅឆ្នាំ២០៣៧។

ចាប់តាំងពីឆ្នាំ២០១១ សិង្ហបុរីបានបញ្ជូនផ្កាយរណបជាង៣០គ្រឿងទៅកាន់ទីអវកាស ដោយផ្កាយរណបភាគច្រើនប្រើសម្រាប់កិច្ចការស្រាវជ្រាវ ហើយសិង្ហុបុរីគ្រោងនឹងបាញ់បង្ហោះយ៉ាងហោចណាស់ ១០គ្រឿងបន្ថែមទៀតនៅឆ្នាំ២០៣០។

កាលពីឆ្នាំ២០២៣ តម្លៃសេដ្ឋកិច្ចកើតចេញពីទិន្នន័យអង្កេតផែនដី ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន១៥ពាន់លានដុល្លារសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍។ ដោយសារកំណើននៃការប្រើប្រាស់បច្ចេកវិទ្យាអង្កេតផែនដី តួលេខនេះអាចនឹងកើនឡើងបីដងដល់ ៤៥ពាន់លានដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ២០៣០។ ជារួម វានឹងរួមចំណែកបន្ថែមប្រមាណ ១០០ពាន់លានដុល្លារដល់ GDP ក្នុងតំបន់នៅឆ្នាំ២០៣០៕

ប្រភព ៖ The Strait Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner