សមាគមកម្ពុជា-ជប៉ុន ដាក់ចេញផែនការសកម្មភាពបន្ថែម ដេីម្បីជំរុញការវិនិយោគនៅកម្ពុជា
(តូក្យូ)៖ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញសម្ដេចអញ្ជើញទៅ បំពេញទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) បានជម្រាបជូនពីការដាក់ចេញផែនការសកម្មភាពបន្ថែម ដេីម្បីជំរុញការវិនិយោគនៅកម្ពុជា ។

ក្នុងជំនួបនេះ ឯកឧត្តមប្រធានសមាគម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យឯកឧត្តម និង គណៈប្រតិភូសមាគម ចូលជួបសម្តែងការគួរសម។

ឯកឧត្តមប្រធានសមាគមបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីសកម្មភាព និងវឌ្ឍនភាពរបស់សមាគម ដែលបច្ចុប្បន្ន ចំនួនសមាជិកសមាគមមានការកើនឡើងជាបន្តបន្ទាប់ ដែលនេះជាឱកាសដ៏ល្អប្រសើរសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនជប៉ុន សំដៅពង្រីកការវិនិយោគនៅកម្ពុជា។

ឯកឧត្តមប្រធានសមាគមបានបន្តទៀតថា ក្នុងឆ្នាំ២០២៥ នេះ សមាគមនឹងរៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងជំរុញការវិនិយោគបន្ថែមទៀត។

ជាមួយគ្នានេះ, ឯកឧត្តមប្រធានសមាគមបានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់, សម្របសម្រួល និង គាំទ្រសកម្មភាពការងាររបស់សមាគម, ជាពិសេសការជំរុញ និងពង្រឹងការផ្សារភ្ជាប់ទំនាក់ទំនង រវាងសមាគម, ដៃគូ និង ភាគីពាក់ព័ន្ធនានានៅកម្ពុជា។
ឯកឧត្តមប្រធានសមាគមក៏បានគោរពជម្រាបជូនអំពីផែនការសកម្មភាពសំខាន់ៗចំនួន ៣ របស់សមាគម រួមមាន៖ ១. ការជំរុញសហគ្រាសធុនតូច និងមធ្យម (SMEs) និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៅកម្ពុជា ២. ការជំរុញការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម (Agro-Processing) និង ៣. ការជំរុញការវិនិយោគលើសួនឧស្សាហកម្មឌីជីថលនៅកម្ពុជា។
ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបឯកឧត្តម ប្រធានសមាគមសាជាថ្មី និងបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព និងសកម្មភាពការងាររបស់សមាគម។
សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ជាថ្មីអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការរៀបចំតំបន់សេដ្ឋកិច្ចពិសេសតាមប្រភេទឧស្សាហកម្ម និងតាមប្រទេសជាក់លាក់, ជាពិសេស ការរៀបចំយន្តការតំបន់សេដ្ឋកិច្ចពិសេស សម្រាប់សហគ្រាស និង ប្រទេសជប៉ុន។
ចំពោះការជំរុញសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា, សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់សមាគមឱ្យពិនិត្យលទ្ធភាពក្នុងការរៀបចំតំបន់សេដ្ឋកិច្ចពិសេសដាច់ដោយឡែក នៅកម្ពុជា (Exclusive Special Economic Zone – ESEZ) សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) របស់ជប៉ុន ដោយសម្ដេចបវរធិបតីបានគូសបញ្ជាក់ពី ការគាំទ្រចំពោះការដំណើរការ ESEZ នេះ។
សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់សមាគមឱ្យបន្តពិភាក្សាបន្ថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញការរៀបចំ ESEZ នេះ ៕
ដោយ ៖ វណ្ណលុក
