ក្រុមហ៊ុនយក្សលំដាប់លេខ១ របស់ជប៉ុន ចាប់អារម្មណ៍ស្វែងរក ឱកាសវិនិយោគលើវិស័យឌីជីថល នៅកម្ពុជា
(តូក្យូ)៖ ក្រុមហ៊ុន NTT DOCOMO GLOBAL Inc. ជាក្រុមហ៊ុនយក្សលំដាប់លេខ១នៅប្រទេសជប៉ុន និងជាក្រុមហ៊ុនជួរមុខលំដាប់ពិភពលោក ដែលធ្វើសកម្មភាពអាជីវកម្ម លើវិស័យទូរគមនាគមន៍, ផ្គត់ផ្គង់សេវាកម្ម 4G និង 5G, អភិវឌ្ឍន៍បច្ចេកវិទ្យា 6G, ប្រព័ន្ធផ្កាយរណប និងទូរសព្ទចល័ត បានបង្ហាញបំណង ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា ។

នេះបើតាមលទ្ធផលនៃជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក HIROKI Kuriyama ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន NTT DOCOMO GLOBAL Inc., នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសដែលសម្ដេច អញ្ជើញបំពេញទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម។

លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូន សម្ដេចបវរធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលកំពុងដំណើរការនៅតាមបណ្តាប្រទេសជាច្រើនលើសកលលោក ដោយផ្តោតជាសំខាន់លើការវិនិយោគក្នុងវិស័យឌីជីថល និងទូរគមនាគមន៍។ ក្រុមហ៊ុន NTT DOCOMO GLOBAL Inc., ជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយនៅប្រទេសជប៉ុន ដែលផ្តល់សេវាកម្ម 4G, 5G និងប្រព័ន្ធផ្កាយរណប។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបន្ថែមលើបច្ចេកវិទ្យា 6G ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមហ៊ុនបានបង្ហាញពីគោលបំណងក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យឌីជីថល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។
ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយចំពោះគោលបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
សម្ដេចបវរធិបតីបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យឌីជីថល ជាពិសេសការពង្រីកការគ្របដណ្តប់សេវា និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបមានឱកាសកាន់តែច្រើនក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ សម្ដេចបវរធិបតីបានបន្ថែមថា បច្ចុប្បន្ន ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា កំពុងបញ្ចប់ដំណើរការ និងត្រៀមដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G ទូទាំងប្រទេស។
សម្ដេចបវរធិបតីបានណែនាំឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីសិក្សាលម្អិតអំពីលទ្ធភាពជាក់ស្តែងក្នុងការវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា ៕
ដោយ ៖ វណ្ណលុក
