ធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ចាប់អារម្មណ៍សហការលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ នៅកម្ពុជា
(តូក្យូ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក MAEDA Tadashi ប្រធាន និងជានាយកប្រតិបត្តិនៃធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (Japan Bank for International Cooperation-JBIC) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងឱកាស នៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

ក្នុងឱកាសនៃជំនួប, លោកប្រធានធនាគារ JBIC បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតីដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។

លោកប្រធានធនាគារក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីកិច្ចសហប្រតិបត្តិការរបស់ធនាគារ JBIC ជាមួយនឹងបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងក្នុងសាកលលោក។

បន្ថែមលើនេះ, លោកប្រធានក្រុមហ៊ុនបានគូសបញ្ជាក់អំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការនៅកម្ពុជា ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដោយផ្ដោតទៅលើវិស័យ និងគម្រោងធំៗជាច្រើន ដូចជា៖ វិស័យថាមពល, គម្រោងនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការគ្រប់គ្រងសំណល់, និងថាមពលស្អាត ជាដើម។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការរីករាយ និងស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យ និងគម្រោងសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា។
សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីភាពចាំបាច់នៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ សំដៅជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេចបវរធិបតីមានជំនឿយ៉ាងមុតមាំថា ចំណាប់អារម្មណ៍របស់ធនាគារ JBICនឹងរួមចំណែកដល់ការពន្លឿនការអភិវឌ្ឍនៃគម្រោងតភ្ជាប់សំខាន់ៗនៅកម្ពុជា។
ទន្ទឹមនឹងនោះ, សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យធនាគារ JBIC បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការលើគម្រោងវិនិយោគនានានៅកម្ពុជា ៕
ដោយ ៖ វណ្ណលុក
