សម្ពោធជាផ្លូវការនៃការបង្កើតការិយាល័យ Plug and Play កម្ពុជានៅតំបន់ Silicon Valley សហរដ្ឋអាម៉េរិក

ភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុន Plug and Play កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥​បាន​រៀបចំពិធី​សម្ពោធជាផ្លូវការនូវការបង្កើតការិយាល័យ Plug and Play កម្ពុជា ដែលប្រព្រឹត្តឡើងនៅទីស្នាក់ការ​កណ្តាល​របស់ក្រុមហ៊ុន Plug and Play នៅតំបន់ Silicon Valley សហរដ្ឋអាម៉េរិក ក្រោមអធិបតីភាព​ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក Saeed Amidi នាយកប្រតិបត្តិនិងជាស្ថាបនិក​របស់​ក្រុមហ៊ុន Plug and Play និងមានការចូលរួមពីអភិបាលក្រុង Sunnyvale នៃតំបន់ Silicon Valley អភិបាលរងក្រុង Busan តំណាងក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកជំនាញបច្ចេកវិទ្យាឌីជីថល​ផងដែរ។

សូមជម្រាបថា ផ្អែកលើកិច្ចសហប្រតិបត្តិការនេះ ការិយាល័យ Plug and Play កម្ពុជា នឹងក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍនិង​ជំរុញ​សហគ្រិន​ភាពនិងនវានុវត្តន៍ឌីជីថលស្តង់ដាអន្តរជាតិមួយ សំដៅរួមចំណែកលើក​កម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរ​កិច្ចថ្មី​ឌីជីថលកម្ពុជាឱ្យកាន់តែប្រសើរឡើង និងជំរុញកម្ពុជាក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថលឈានមុខមួយក្នុងតំបន់ តាមរយៈ៖
១- ការជួយបណ្តុះបណ្តាល ពន្លឿន និងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល​តាមកម្មវិធីស្តង់ដាអន្តរជាតិ ដែលរៀបចំដោយអ្នកជំនាញ​ពីក្រុមហ៊ុន Plug and Play ផ្ទាល់។
២- ការនាំធុរកិច្ចថ្មីកម្ពុជាដែលមានសក្តានុពលទៅកាន់ទីផ្សារក្នុង​តំបន់និងសកល។
៣- ការបង្កើនឱកាសចាប់យកវិនិយោគទុនជូនដល់ធុរកិច្ចថ្មីឌីជីថល​កម្ពុជាឱ្យកាន់តែទូលំទូលាយ។
៤- ការពង្រីកបណ្ដាញទំនាក់ទំនងជាមួយដៃគូអាជីវកម្ម សាកល​វិទ្យាល័យ និងគ្រូបង្គោលរបស់ក្រុមហ៊ុន Plug and Play ដ៏សម្បូរបែបពីតំបន់ Silicon Valley អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក។
៥- ការផ្តល់ឱកាសចូលរួមក្នុងសកម្មភាពនានា ដូចជា កម្មវិធី​កម្មសិក្សា (Internship Program) កម្មវិធីប្រឹក្សាយោបល់ (Mentorship Program) និងសិក្ខាសាលានានា ដល់ធុរកិច្ចថ្មី​ឌីជីថលនិងនិស្សិតកម្ពុជា នៅក្រុមហ៊ុន Plug and Play និងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យានានានៅតំបន់ Silicon Valley។

លើសពីនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងគាំទ្រដល់​ការិយាល័យ Plug and Play កម្ពុជា ក្នុងការបង្កើត​កម្មវិធីនានាដើម្បី​លើកកម្ពស់បរិវត្ដកម្មឌីជីថលនិងនវានុវត្ដន៍ធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា ជាពិសេសការផ្តល់លទ្ធភាព​ឱ្យធុរកិច្ច​ថ្មីឌីជីថលរបស់កម្ពុជាអាច​ទាក់​ទាញ​ការបណ្តាក់ទុនវិនិយោគ និងពង្រីកអាជីវកម្មទៅកាន់ទីផ្សារ​តំបន់និងសកល តាមរយៈបណ្តាញរបស់ក្រុមហ៊ុន Plug and Play ដែលមានការិយាល័យនៅជាង ៦០កន្លែងទូទាំងពិភពលោក និង​ក្រុមហ៊ុនបច្ចេកវិទ្យានិងដៃគូអាជីវកម្មជាង៥៥០ក្រុមហ៊ុន។

នៅក្នុងពិធីសម្ពោធនេះ គណៈប្រតិភូកម្ពុជាក៏បានធ្វើបទបង្ហាញអំពី (១) ការកសាងទំនុកចិត្តតាមរយៈបច្ចេកវិទ្យាឌីជីថល​និងថ្នាលនិង​កម្មវិធី​រដ្ឋា​ភិបាលឌីជីថលរបស់កម្ពុជា និង (២) សួនឌីជីថលរបស់​កម្ពុជា ព្រមទាំងបានចូលរួមកិច្ចពិភាក្សា​លើប្រធានបទ (១) ការវិនិយោគនៅកម្ពុជានិងការងារជាមួយធុរកិច្ចថ្មីឌីជីថល និង (២) នវានុវត្តន៍រដ្ឋាភិបាលនិង​បរិវត្តកម្ម​ឌីជីថលនៅកម្ពុជា។
ក្រសួងប្រៃសណីយ៍ សូមសាធារណជន សហគ្រិន និងធុរកិច្ចថ្មី​ឌីជីថល​ទាំងអស់ត្រៀមខ្លួនចូលរួមក្នុងកម្មវិធីដែលរៀបចំ​ជាបន្ត​បន្ទាប់ដោយការិយាល័យ Plug and Play កម្ពុជា៕


ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner