សម្តេចតេជោ ហ៊ុន សែន ៖ កម្លាំងទ័ព និងសព្វាវុធ ដែលបញ្ជូនទៅព្រំដែន មិនមែនធ្វើសង្គ្រាមទេ តែកម្ពុជា នឹងប្រើសិទ្ធិការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ បើមានការឈ្លានពាន

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ពាក់ព័ន្ធការប៉ះទង្គិចដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ នៅព្រំដែន តំបន់មុំបី ខេត្តព្រះវិហារ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្លាំងទ័ព និងសព្វាវុធ ដែលបញ្ជូនទៅព្រំដែនមិនមែន ដើម្បីវាយថៃនោះទេ តែករណីមានការឈ្លានពាន គឺ កម្ពុជា ប្រើសិទ្ធិការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ។

សម្ដេចតេជោ បានថ្លែងឱ្យដឹងដែរថា បើទោះបីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំពុងទស្សនកិច្ចនៅក្រៅប្រទេស តែសម្តេច បានធ្វើការជាប់ប្រចាំលើបញ្ហាព្រំដែន ហើយដឹងពីភូមិសាស្ត្រនោះច្បាស់ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សម្តេច មិនមែនជាមេដឹកនាំដែលអង្គុយតែក្នុងការិយាល័យនោះទេ គឺតែងតែចុះតាមមូលដ្ឋាន ហើយនៅសមរភូមិសង្គ្រាម ក៏សម្តេចចុះដែរ ។ អ្វីដែលកម្ពុជា ចង់បាន គឺចង់បានស្ថានការណ៍នៅព្រំដែនវិលត្រឡប់ទៅសភាពដើមវិញ ហើយសុំឱ្យវាកើតត្រឹមនៅមុំបី កុំឱ្យរីករាយរាលដាលទូទាំងព្រំដែន និងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ។

ទន្ទឹមនេះ សម្តេចតេជោ បានមានប្រសាសន៍ប្រកាសស្វាគមន៍ក្រុមហ៊ុនជីបម៉ុង ដែលបានប្រកាសនាំយកអំណោយជាទឹក ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគជូនដល់កងទ័ព ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner