សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា មានសំណាញ់មេឃ អាចបាញ់ទម្លាក់យន្តហោះបាន

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបនឹងពាក្យអុចអាល ថា ខាងថៃ បានរៀបចំយន្តហោះចម្បាំង ប៉ុន្តែបើសិនជារឿងពិត កម្ពុជា ក៏បានត្រៀមអាវុធបាញ់យន្តហោះហើយដែរ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ពាក់ព័ន្ធការប៉ះទង្គិចដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ នៅព្រំដែន តំបន់មុំបី ខេត្តព្រះវិហារ ។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅជនជាតិថៃ សិទ្ធិ លីមថងគុល ថា លោកឯងមិនមែនជាកងទ័ពទេ ។ សម្តេច ថា យុទ្ធសាស្ត្រសម្តេច បើទ័ពថៃ ចង់វាយចូលមកដល់អង្គរវត្តដូច សិទ្ធិ លីមថងគុល លើកឡើងនោះ សម្តេច ក៏បើកឱ្យវាចូល ដើម្បីបង្ហាញពីការឈ្លានពានដល់អង្គការសហប្រជាជាតិ ហើយសម្តេច នឹងប្រើទ័ពវាយកាត់ផ្តាច់ទ័ពថៃ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា តេជោសែន ច្បាស់ណាស់ពីយុទ្ធសាស្ត្រសង្គ្រាម ព្រោះយន្តហោះអាមេរិក ធ្លាប់ដេញបាញ់សម្តេច តែធ្វើអ្វីមិនបែកនោះឡើយ ។

សម្តេចតេជោបានបន្តថា ក្នុងសង្គ្រាមបែបនេះ សម្តេចមិនប្រើយន្តហោះនោះទេ តែសម្តេចមានសំណាញ់មេឃ ប៉ុន្តែមានអ្នកមួយចំនួនអត់ស្គាល់ថា សំណាញ់មេឃស្អីនោះទេ។ សំណាញ់មេឃ គឺជាការប្រើកាំភ្លើងបាញ់ទម្លាក់យន្តហោះ ដោយបាញ់គ្រាបពីក្រោមទៅ ហើយកាលណាយន្តហោះដែលហោះខ្ពស់ គឺមិនអាចធ្វើអីអ្នកខាងក្រោមបាននោះទេ ខណៈយន្តហោះចម្បាំង នៅពេលដែលចង់ធ្វើប្រតិបត្តិការខាងក្រោម គឺត្រូវតែដាំក្បាលចុះ នោះនឹងត្រូវការបាញ់សង្គ្រប់ពីខាងក្រោមរាប់រយគ្រាប់ រឿងអីមិនត្រូវខ្លះ ។

សម្ដេចតេជោ ក៏បានបង្ហើបដែរថា ឥឡូវនេះ កម្ពុជា មានកាំជ្រួចការពារអាកាសយ៉ាងល្អប្រសើរ ដែលយើងអាចសាកល្បងបាញ់ ៤០គីឡូម៉ែត្រម្ខាង ប៉ុន្តែសម្ដេចគិតថា ប្រភេទអស់ទាំងនេះ មិនចាំបាច់ទេ ។ សម្ដេចថា អញ្ចឹងអ្នកចូលមក ខមិនថា ខាងថៃ បានរៀបចំយន្តហោះចម្បាំងហើយ ដែលនេះ គ្រាន់តែជាពាក្យអុចអាលនោះទេ ប៉ុន្តែបើសិនជារឿងពិត កម្ពុជា ក៏សូមប្រាប់ទៅវិញថា កម្ពុជា បានត្រៀមអាវុធបាញ់យន្តហោះហើយ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner