មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មជំរុញឱ្យមន្ត្រីឆ្មាំទន្លេ ត្រូវជំរុញនិង បង្កើនប្រសិទ្ធភាពការងារអភិរក្សសត្វផ្សោតតំបន់កាំពី
(ភ្នំពេញ)៖ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានធ្វើការជំរុញដល់ មន្រ្តីឆ្មាំទន្លេ ត្រូវធ្វើការដោយស្មោះត្រង់ មានឆន្ទៈខ្ពស់ ទើបអាចសម្រេចបាននូវប្រសិទ្ធភាព និងអាចធ្វើការអភិរក្សសត្វផ្សោតនៅតំបន់កាំពីឱ្យបានជាប់គង់វង្សយូរអង្វែង។
គួរបញ្ជាក់ថា ការថ្លែងពីសំណាក់ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងពេលជួបសំណេះសំណាលជាមួយមន្ត្រីឆ្មាំទន្លេដើម្បីពង្រឹង បង្កើនប្រសិទ្ធភាពការងារអភិរក្សសត្វផ្សោតតំបន់កាំពី។ កិច្ចប្រជុំធ្វើឡើងនៅទីស្នាក់ការអភិរក្សសត្វផ្សោត ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
នាឱកាសសំណេះសំណាល លោកជំទាវ អ៊ឹម រចនា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ជូនដល់ឆ្មាំទន្លេទាំងអស់ ដែលបានបំពេញភារកិច្ចអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិរបស់ជាតិ។ លោកជំទាវ បានផ្តល់ឱកាសដល់បងប្អូនឆ្មាំអ្នកចូលរួមឱ្យលើកឡើងពីបញ្ហាប្រឈមនៅក្នុងការអនុវត្តការងារ ដើម្បីរួមគ្នាដោះស្រាយ។
លោកជំទាវអនុរដ្ឋលេខាធិការបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ ចុះបង្ក្រាប បង្ការ និងទប់ស្កាត់បទល្មើសនេសាទ នៅតំបន់អភិរក្សសត្វផ្សោត នាពេលសព្វថ្ងៃ ដើម្បីធានាបាននូវនិរន្ដរភាពធនធានជលផល ការពារអាយុជីវិតសត្វផ្សោត ធ្វើឱ្យចំនួនសត្វផ្សោតមានការកើនឡើង កាត់បន្ថយអត្រាស្លាប់។ ជាក់ស្តែង ៥ខែ ដើមឆ្នាំ២០២៥នេះ កូនផ្សោតកើតថ្មីមាន៧ក្បាល និងពុំទាន់មានផ្សោតស្លាប់នៅឡើយទេ ដែលធ្វើឱ្យចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជា កើនរហូតដល់ ១១១ក្បាល។
ក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទបានឱ្យដឹងថាក្នុងពិធីនេះមានការចូលរួមពីសំណាក់ លោកបណ្ឌិត អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល លោក ផៃ សុមានី អនុប្រធាននាយកដ្ឋានអភិរក្សជលផល លោក សៀន គីន អនុប្រធានមន្ទីរកសិកម្មខេត្តក្រចេះ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ លោក ចាប វិបុល នាយកអង្គការ WWF-កម្ពុជា និងមន្រ្តីឆ្មាំទន្លេ សរុបអ្នកចូលរួមប្រមាណជាង៥០នាក់។
ទន្ទឹមជាមួយគ្នានេះ លោកជំទាវ អនុរដ្ឋលេខាធិការ ក៏បានរំឭកដល់ឆ្មាំទន្លេទាំងអស់ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ការពារសុវត្ថិភាពខ្លួន ក្នុងពេលចុះល្បាតនារដូវវស្សា ដោយសារមានភ្លៀង ខ្យល់អាចកើតឡើងជាយថាហេតុ៕






ដោយ ៖ ម៉ាដេប៉ូ