អង្គការ JETRO នឹងបន្តជំរុញការវិនិយោគជប៉ុននៅកម្ពុជា

(តូក្យូ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ISHIGURO Norihiko ប្រធាន និងជានាយកប្រតិបត្តិ នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Japan External Trade Organization-JETRO) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងឱកាសនៃជំនួប, លោកនាយកប្រតិបត្តិបានគោរពថ្លែងអំណរគុណចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

លោកនាយកប្រតិបត្តិ បានបង្ហាញនូវអារម្មណ៍រីករាយ ដែលបានចូលរួមសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំវេទិកាធុរកិច្ច កម្ពុជា-ជប៉ុន នៅទីក្រុងតូក្យូ នាថ្ងៃនេះ ដែលទទួលបានការចូលរួមយ៉ាងច្រើនកុះករពីតំណាងក្រុមហ៊ុន-សហគ្រាសជប៉ុន និងកម្ពុជា​។

លោកនាយកប្រតិបត្តិ ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីគម្រោងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអង្គការ JETRO ដែលនឹងនាំវិនិយោគិនជប៉ុនជាច្រើនរូប​ មកធ្វើទស្សនកិច្ច និងស្វែងយល់បន្ថែមអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា នាពេលខាងមុខ​។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការ JETRO ដែលបានចូលរួមរៀបចំវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន។ សម្ដេចបវរធិបតី ចាត់ទុកវេទិកានេះជាយន្តការដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងធុរជនកម្ពុជា-ជប៉ុន​ ក៏ដូចជាការផ្សព្វផ្សាយនូវឱកាសវិនិយោគ និងភាពទាក់ទាញនៃការវិនិយោគនៅកម្ពុជា។

សម្ដេចបវរធិបតី បានគូសបញ្ជាក់បន្ថែមអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគ តាមរយៈការផ្តល់ការលើកទឹកចិត្ត និងការបន្តយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ក្នុងវិស័យឡូជីស្ទីក​ ដូចជា បណ្តាញផ្លូវថ្នល់ អាកាសយានដ្ឋានអន្តរជាតិ និងកំពង់ផែទឹកជ្រៅ ជាដើម។

សម្ដេចបវរធិបតី ក៏បានលើកឡើងអំពីការជំរុញបង្កើតតំបន់សេដ្ឋកិច្ចពិសេសដាច់ដោយឡែកសម្រាប់វិនិយោគិនជប៉ុន ដែលនឹងជាគំរូថ្មីមួយនៃការរៀបចំតំបន់សេដ្ឋកិច្ចពិសេស (SEZs) ដែលមានឯកទេសកម្ម ទៅតាមប្រភេទឧស្សាហកម្ម ឬ ប្រទេសជាក់លាក់។សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនភាពអំណោយផលនៃបរិយាកាសធុរកិច្ច និងវិនិយោគ​នៅកម្ពុជា។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យអង្គការ JETRO បន្តដើរតួនាទីជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិនជប៉ុន និងកម្ពុជា និងជំរុញការវិនិយោគជប៉ុននៅកម្ពុជា ឱ្យកាន់តែកើនឡើងថែមមួយកម្រិតទៀត៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner