ក្រសួងកសិកម្មចេញសេចក្ដីប្រកាសព័ត៌មានរួមស្ដីពី «កិច្ចប្រជុំត្រី-វិស័យលើកទី៤ស្ដីពី”កសិកម្ម-ទឹក-ជនបទ»
(ភ្នំពេញ)៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី«កិច្ចប្រជុំត្រី-វិស័យលើកទី៤ស្ដីពីកសិកម្ម-ទឹក-ជនបទ» ដែលក្នុងនេះមានការចូលរួមពីសំនាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
ក្រសួងកសិកម្មបានឱ្យដឹងថាក្នុងកិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យវឌ្ឍនភាពការងារសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូជាដើម។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកត់សម្គាល់ពីសមិទ្ធផលជាក់ស្តែង ដែលយន្តការត្រី-វិស័យសម្រេចបានក្នុងពេលកន្លងមក រួមមានការ ចាប់ផ្តើមអនុវត្តកិច្ចអន្តរាគមន៍រួមគ្នានៅក្នុងសហគមន៍ចំនួន៣ និងការត្រៀមបញ្ចូលសហគមន៍អាទិភាព ជាបន្តបន្ទាប់ទៀត នៅក្នុងផែនការសកម្មភាពរយៈពេលវែងរបស់ខ្លួន។
សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី យន្តការត្រី-វិស័យ បានប្រែក្លាយពីគំនិតផ្តួចផ្តើមមួយ ទៅជាយន្តការអចិន្ត្រៃយ៍ ដើម្បីសម្របសម្រួលផែនការអភិវឌ្ឍន៍យូរអង្វែង រវាងវិស័យទាំង៣ ស្របតាមអភិក្រម “ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ” សំដៅគាំទ្រដល់ការលើកកម្ពស់ជីវភាព ប្រជាកសិករនៅទីជនបទ និងការអភិវឌ្ឍនៅតាមសហគមន៍មូលដ្ឋាន៕
ដោយ ៖ ម៉ាដេប៉ូ

