អ៊ីស្រាអែលដុតដំណាំរបស់កសិករWest Bank
បរទេស ៖ ប្រជាកសិករ នៅតំបន់ West Bank បានប្រញាប់ប្រញាល់ ប្រមូលផលដំណាំ ដោយបារម្ភខ្លាចថា អ៊ីស្រាអែលបន្តដុតបំផ្លាញ ខណៈដែលយោធាប្រទេសនេះ នៅតែបន្តវាយលុក ដោយយកលេសថា តាមកំចាត់ពួសកម្មប្រយុទ្ធ ហាម៉ាស់។

កសិករប៉ាឡេស្ទីន នៅក្នុងភូមិមួយ នៃតំបន់ Al-Mughayyir បានប្រញាប់ប្រញាល់ប្រមូលផលស្រូវសាលី ដែលនៅសេសសល់ ខណៈដែលអ្នកតាំងលំនៅ អ៊ីស្រាអែល បានព្យាយាមដុតវាលស្រែរបស់ពួកគេ បន្ថែមទៀត។ ជាច្រើនថ្ងៃមកនេះ អ្នកតាំងលំនៅអ៊ីស្រាអែល បាននិងកំពុងដុតបំផ្លាញដំណាំស្រូវ រាប់ចាប់ពីកន្លែង តាំងទីលំនៅថ្មី ស្ថិតនៅលើភ្នំ។

កសិករ Abdul Aziz al-Naasan បានរៀបរាប់ កាលពីថ្ងៃព្រហស្បតិ៍ថា «យើងបានដាំដំណាំ លើស្រែទាំងនេះ ដោយមាន ស្រូវសាលី និង ធញ្ញជាតិទូទៅ…អ្នកតាំងលំនៅ បានដុតបំផ្លាញ កាលពីម្សិលមិញ នៅចំពោះមុខយើង ដោយស្ថិតក្រោម ការការពារ ពីសំណាក់កងទ័ព»។
គួរបញ្ជាក់ថា ប៉ាឡេស្ទីន រាប់រយនាក់ និងជនជាតិអ៊ីស្រាអែល រាប់សិបនាក់ ត្រូវបានសម្លាប់ នៅក្នុងការកើនឡើង នៃអំពើហឹង្សា នៅតំបន់ West Bank ចាប់តាំងពីការចាប់ផ្តើម នៃសង្រ្គាម នៅតំបន់ហ្គាហ្សា ដែលស្ថិតនៅក្បែរគ្នា ដែលជាសង្គ្រាមរវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធហាម៉ាស់ អូសបន្លាយជាង២០ខែ មកហើយ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
