កម្ពុជា-ជប៉ុន ឯកភាពបន្តជំរុញកិច្ចសហប្រតិការទ្វេភាគីឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត

(តាូក្យូ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ISHIBA Shigeru នាយករដ្ឋមន្រ្តីជប៉ុន បានឯកភាពបន្តជំរុញកិច្ចសហប្រតិការទ្វេភាគីឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ។

ប្រមុខរដ្ឋាភិបាលទាំងពីរ កម្ពុជា-ជប៉ុន បានឯកភាពគ្នាដូច្នេះ ក្នុងជំនួបពិភាក្សាទ្វេភាគី នាល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ របស់សម្ដេចធិបតី នៅថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន បានគូសបញ្ជាក់ថា កម្ពុជាគឺជាដៃគូដ៏សំខាន់របស់ជប៉ុន។ កិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាមានភាពរីកចម្រើនជាលំដាប់ និងរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ ជប៉ុននិងកម្ពុជាបានសហការគ្នា ក្នុងការបណ្តុះបណ្តាលលើការដោះមីនមនុស្សធម៌ សម្រាប់អ្នកដោះមីនអ៊ុយក្រែន។

ឯកឧត្តមនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវាកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿង ចូលចតមុនគេបង្អស់ នៅកំពង់ផែសមុទ្ររាម បន្ទាប់ពីការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីចុងខែមេសា កន្លងទៅ ដែលស្របទៅនឹងគោលនយោបាយនៃការបើកចំហរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា ជប៉ុនជាមិត្តចាស់ មិត្តដ៏សំខាន់ និងមិត្តជិតស្និទ្ធរបស់កម្ពុជា ដែលបានដើរតួនាទីយ៉ាងសកម្ម ក្នុងដំណាក់កាលស្វែងរកសន្តិភាព និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា មកដល់បច្ចុប្បន្ន។

សម្ដេចបវរធិបតីបានថ្លែងបន្តថា ក្នុងរយៈពេល ៧២ឆ្នាំ នៃទំនាក់ទំនងការទូតផ្លូវការ, កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានពូនជ្រំ ពង្រឹង និងពង្រីកស្ទើរគ្រប់វិស័យ។ ការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីដល់ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” នៅឆ្នាំ២០២៣ គឺជាសក្ខីភាពនៃភាពជឿទុកចិត្ត រវាងប្រទេសទាំងពីរ។

ប្រមុខរដ្ឋាភិបាលទាំងពីរបានពិភាក្សាអំពីអាទិភាពនៃកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសទាំងពីរ លើវិស័យសំខាន់ៗ រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, សន្តិសុខ និងការពារជាតិ, ហិរញ្ញវត្ថុ និងធនាគារ, ហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់, បរិវត្តកម្មឌីជីថល និងសន្តិសុខសាយប័រ, ថាមពលស្អាត, ព្រមទាំងការតភ្ជាប់ប្រជាជននិងប្រជាជន តាមរយៈវិស័យអប់រំ, ទេសចរណ៍, និងការហោះហើរត្រង់៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner