បន្ទាប់ពីជួបរឿងរន្ធត់ ៖កាកបាទក្រហមខេត្តបាត់ដំបងផ្តល់ផ្ទះថ្មថ្មីមួយខ្នងជូនគ្រួសារដែលរងគ្រោះដោយអគ្គិភ័យ បណ្តាលឱ្យស្លាប់កូន២នាក់
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្រ្តីក្រុមការងាបានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌មួយខ្នងលេខរៀងទី១៩ ដែលជាអំណោយរបស់ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជូនដល់គ្រួសារ អ្នកស្រី ហ៊ុន គន្ធី ដែលរងគ្រោះដោយអគ្គិភ័យ បណ្តាលឱ្យបាត់បង់ជីវិតកូនប្រុស ស្រី ចំនួន២នាក់និងបានផ្តល់នូវអំណោយដល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចាស់ជរា ជនមានពិការភាព និងគ្រួសារ ទីទ័លក្រចំនួន៥០គ្រួសារ ដែលស្ថិតនៅភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល។
លោក តេង គឹមស៊ាន អភិបាលស្រុកនិងជាប្រធានគណៈកម្មាធិការអនុសាខាស្រុកថ្មគោល បានឱ្យដឹងថាគ្រួសារអ្នកស្រី ហ៊ុន គន្ធី អាយុ ៤០ ឆ្នាំជាម្តាយ និងលោក ភ្លេញ ថា ជាឪពុក រស់នៅភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល មានជីភាពក្រីក្រលំបាក បានទទួលរងគ្រោះអគ្គិភ័យ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅវេលាម៉ោងជាង១០យប់ ដោយ សារឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យបាត់បង់កូនប្រុសស្រីចំនួន២នាក់ ខណៈដែលឪពុកម្តាយបានចាក់សោពីក្រៅផ្ទះទុកកូនទាំងពីរក្នុងផ្ទះ ហើយពួកគាត់នាំគ្នាទៅដកស្មៅក្រោយផ្ទះចម្ងាយជាង១០០ម៉ែត្រ ។
ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន ជាប្រធាន ឯកឧត្តម សុខ លូ ដោយមើលឃើញការលំបាកនិងរួមចំណែករំលែកទុក្ខសោកជាមួយគ្រួសាររងគ្រោះផង កាកបាទក្រហមខេត្តបានសម្រេចផ្តល់នូវផ្ទះថ្មីមួយខ្នង ជូនគ្រួសារអ្នកស្រី ហ៊ុន គន្ធី និងលោក ភ្លេញ ថា ដើម្បីកសាងជីវភាពថ្មីបន្តទៀត។
ឯកឧត្តមប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តបានបញ្ជាក់ថា ថវិកា ដែលជួយកសាងគេហដ្ឋានថ្មីនេះគឺជាថវិកាទទួលបានសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា។ ដូចនេះអ្វីដែលកាកបាទក្រហមកម្ពុជាទទួលបានពី សប្បុរសជន តែងតែយកទៅជួយដល់ប្រជាពលរដ្ឋ ងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃដែលនេះគឺជាការផ្សារភ្ជាប់រវាងសប្បុរសជន ជាមួយនឹងអ្នកទទួលផលពីកាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
សូមជម្រាបថា ផ្ទះលេខរៀងទី១៩ ដែលជាអំណោយរបស់សាខាកាកបាទក្រហមខេត្តបាត់ដំបងខាងលើនេះចំណាយថវិកា ៥.៥៥០ដុល្លារ។ផ្ទះមានទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ,ជញ្ជាំងឥដ្ឋ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះ និងមានតយ៉ាប ខាងមុខផ្ទះ ២ម៉ែត្រកន្លះ។ជាមួយនឹងការទទួលផ្ទះថ្មី កាកបាទក្រហមខេត្តក៏បានផ្តល់ជូនបន្ថែម នូវ អង្ករ មី,ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ទឹកបរិសុទ្ធ និងថវិកាមួយចំនួន៕អត្ថបទ-រូបភាព. អ៊ុក សំអាន ប.ប


