រដ្ឋាករទឹកបាត់ដំបងចែករំលែកបទពិសោធន៍ការគ្រប់គ្រងទឹកស្អាតដល់ប្រតិបត្តិករវិស័យឯកជនខេត្តបាត់ដំបង និង ខេត្តប៉ៃលិន

បាត់ដំបង៖ អគ្គរដ្ឋាករទឹកបាត់ដំបងបានចែករំលែកនិងបទពិសោធន៍ ក្នុងការការកាត់បន្ថយទឹក​គ្មាន​ចំណូល(NPW) ប្រតិបត្តិករ​ដែលមកពី​វិស័យឯកជនដែលកំពុងប្រកបអាជីវកម្មទឹកស្អាតនៅក្នុងខេត្តបាត់ដំបង និង​ខេត្តប៉ៃលិន តាមរយៈ វគ្គបណ្ដុះបណ្ដាលរយៈខ្លីកាលពីចុង​សប្ដាហ៍​នេះ នៅសាលប្រជុំរបស់​រដ្ឋាករ​ទឹកបាត់ដំបងដោយមានការ​អញ្ជើញចូលរួម ផ្ទាល់ពីឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់​ដំបង។វគ្គនេះដែរ ធ្វើឡើងស្របតាមការណែនាំរបស់ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

ឯកឧត្តម អ៊ុត ក្លឹង បញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺជាវិធីសាស្ត្រ​ក្នុងការចែករំលែកអំពីការគ្រប់គ្រងទឹកគ្មានចំណូល សម្រាប់ជាគន្លឹះ ជាទុនធាតុផ្សំ និងបទពិសោធន៍ សម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន បានស្វែងយល់កាន់តែច្បាស់ ពី​ទស្សនទានទឹកគ្មានចំណូល ដែល​បានកំណត់ថា “អ្វីទៅជាទឹកបាត់បង់?”។តើការកាត់បន្ថយទឹកបាត់បង់ មាន​ប្រយោជន៍អ្វីទៅ?។ តើត្រូវធ្វើដូចម្តេច ដើម្បីកាត់បន្ថយទឹក​បាត់​បង់?។

តាមរយ:វគ្គបណ្តុះបណ្តាលនេះ និងតាមរយ:វាគ្មិនជាគ្រូឧទ្ទេស ដែល​មានធ្លាប់មានបទពិសោធន៍​ការងារក្នុងការគ្រប់​គ្រងវិស័យទឹកស្អាត​នៃអគ្គរដ្ឋាករទឹកខេត្តបាត់ដំបងផងនោះ ប្រតិបត្តិករសេវាករឯកជន​បានទទួល​មេរៀនជាជំនួយ​ស្មារតី​និងបទពិសោធន៍គន្លឹះសម្រាប់យក​ទៅអនុវត្តនិងស្វែងយល់បន្ថែមពីអ្វីដែលត្រូវជួបប្រទះនិងរកដំណោះស្រាយក្នុងការ​ប្រកបអាជីវកម្មរបស់ខ្លួន​ឱ្យបានប្រសើរ និងចៀសវាង​ការខាតបង់ទឹក ដោយមិនបានដឹង ។

ឯកឧត្តមអគ្គនាយកបានរំពឹងថា ថ្វីបើវគ្គនេះថ្មីនិងជាលើកដំបូង តែ​បងប្អូននឹងទទួលបានចំណេះថ្មីនិងបទពិសោធន៍ សម្រាប់ការប្រកប​អាជីវកម្ម​ក្នុងមូលដ្ឋានផ្ទាល់របស់ខ្លួន កាន់តែល្អប្រសើរថែមមួយកម្រិត​ទៀត៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប

ads banner