អង់គ្លេសផលិតនាវាមុជទឹកថ្មី១២គ្រឿង បង្ការខ្លាច ការឈ្លានពានរបស់រុស្ស៊ី
បរទេស៖ រាជរដ្ឋាភិបាលអង់គ្លេសបាននិយាយ នៅលើគេហទំព័ររបស់ខ្លួនថា ចក្រភពអង់គ្លេស នឹងសាងសង់នាវាមុជទឹកថ្មី ចំនួន១២គ្រឿង ដែលដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បី ទុកបង្ការខ្លាច ការឈ្លានពាន របស់រុស្ស៊ី។
បើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Tass នៅថ្ងៃចន្ទនេះ
រដ្ឋាភិបាលក្រុងឡុងដ៍ បានអះអាងថា នាវាទុកធ្វើសង្គ្រាមទាំងនេះ នឹងត្រូវពង្រីកប្រតិបត្តិការ ជាមួយនឹងនាវាមុជទឹកប្រភេទ SSN-AUKUS។ កងនាវាទាំងនេះត្រូវសង់ឡើង ក្នុងក្របខ័ណ្ឌនៃសម្ព័ន្ធមិត្តយោធា AUKUS រវាង អូស្ត្រាលី ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey បានអះអាងថា «នាវាមុជទឹកឆ្នើម របស់យើងល្បាត ២៤ម៉ោងក្នុងមួយថ្ងៃ ដើម្បីយើងនិងសម្ព័ន្ធមិត្តរបស់យើង មានសុវត្ថិភាព…យើងដឹងថា ការគំរាមកំហែងកំពុងកើនឡើង ហើយយើងត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីប្រឈមមុខនឹងការឈ្លានពាន របស់រុស្ស៊ី»។
យ៉ាងណាមិញ ស្ថានទូតរុស្ស៊ី ប្រចាំនៅអង់គ្លេស បាននិយាយថា រដ្ឋាភិបាលវិមានក្រឹមឡាំង មិនបានគំរាមកំហែង ដល់ចក្រភពអង់គ្លេស នោះទេ។ យោងតាមបេសកកម្មការទូត តបនឹងសេចក្តីថ្លែងការណ៍ របស់អាជ្ញាធរអង់គ្លេស ភាគីរុស្ស៊ី បានអះអាងថា «អង់គ្លេស រឹងចចេស ដោយបង្វែរការយកចិត្តទុកដាក់ពីបញ្ហាសេដ្ឋកិច្ចសង្គម ដែលកាន់តែអាក្រក់ នៅក្នុងប្រទេស ព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវ នៃការកើនឡើងចំណាយលើយោធា ខណៈខ្លួនប្រឈមមុខនឹងការរឹតបន្តឹង ថវិកាជាតិ»។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នឹងប្រកាសពីការសាងសង់ ក្នុងថ្ងៃចន្ទនេះ ជាផ្នែកមួយនៃឯកសារ ដែលត្រូវបានរៀបចំ អស់រយៈពេលជាច្រើនខែ ជាមួយនឹងអនុសាសន៍ សរុបចំនួន៦២ ស្តីពីការពង្រឹងការការពារ និង បង្ហាញពីការគំរាមកំហែងដ៏ស្រួចស្រាវ ចំពោះប្រទេសជាតិ៕
ប្រភពពី Tass ប្រែសម្រួល៖ សារ៉ាត