អង់គ្លេសគ្រោងសង់នាវាមុជទឹកនុយក្លេអ៊ែរចំនួន ១២គ្រឿង
ឡុងដ៍ ៖ ដើម្បីជាការត្រៀមខ្លួនទប់ទល់នឹងឥទ្ធិពលរុស្ស៊ី និងចិននោះ អង់គ្លេសគ្រោងសាងសង់នាវាចម្បាំងថ្មីដើរដោយថាមពលនុយក្លេអ៊ែរចំនួន ១២គ្រឿង ដែលលោកនាយករដ្ឋមន្រ្តីនឹងប្រកាសនៅពេលដែលរដ្ឋាភិបាលបង្ហាញផែនការត្រួតពិនិត្យយុទ្ធសាស្ត្រការពារឆ្នាំ២០២៥។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទាំង១២គ្រឿងនេះ សាងសង់ឡើងដើម្បីជំនួសកងនាវា Astute-class បច្ចុប្បន្នរបស់ចក្រភពអង់គ្លេស ចាប់ចុងទសវត្សរ៍ឆ្នាំ២០៣០តទៅ។
លើសពីនេះ លោកនាយករដ្ឋមន្ត្រី Starmer ក៏ត្រូវបានរំពឹងដែរថា អង់គ្លេសនឹងចំណាយប្រាក់ ២០ពាន់លានដុល្លារលើកម្មវិធីក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួន ពីព្រោះវិធានការទាំងនេះគឺជាភាពបន្ទាន់ ហើយអង់គ្លេសត្រូវតែត្រៀមខ្លួន ដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការគំរាមកំហែងដែលកំពុងកើតមាន។
ការពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រការពារជាតិ គឺជាការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រយោធារបស់អង់គ្លេស ដោយផ្តោតលើការរារាំង ការធ្វើទំនើបកម្ម និងការត្រៀមខ្លួននៅក្នុងទិដ្ឋភាពពិភពលោកដែលកាន់តែប្រែប្រួល។ គំនិតផ្តួចផ្តើមនេះមានគោលបំណងជំរុញការត្រៀមខ្លួនប្រយុទ្ធ» របស់អង់គ្លេស ដើម្បីឆ្លើយតបទៅនឹងការកើនឡើងការគំរាមកំហែងជាសកល ជាពិសេសពីរុស្ស៊ី និងចិន។
បន្ថែមពីលើកម្មវិធីនាវាមុជទឹក ការត្រួតពិនិត្យការពារជាតិបានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនទៀត មានដូចជាការវិនិយោគ ២០ពាន់លានដុល្លារនៅក្នុងកម្មវិធីក្បាលគ្រាប់នុយក្លេអ៊ែររបស់អង់គ្លេស ដើម្បីធ្វើទំនើបកម្មការទប់ស្កាត់នុយក្លេអ៊ែរ។ ការបង្កើតរោងចក្រផលិតសព្វាវុធថ្មីចំនួន៦កន្លែង និងការទិញអាវុធរយៈចម្ងាយឆ្ងាយរហូតដល់ទៅ ៧.០០០គ្រឿង។ ការបង្កើតបញ្ជាការអ៊ីនធឺណេតកណ្តាល ដើម្បីបង្កើនសមត្ថភាពវាយលុក និងការពារតាមអ៊ីនធឺណិត៕
ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា
