លោក Zelensky ថា ទណ្ឌកម្មនឹងរុញរុស្ស៊ីរត់រកការចរចាសន្តិភាព
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវឱ្យមាន “ទណ្ឌកម្មថ្មី” ប្រឆាំងនឹងរុស្ស៊ី ពីព្រោះមានតែទណ្ឌកម្មទេ ទើបជំរុញឲ្យទីក្រុងមូស្គូរត់រកតុចរចាសន្តិភាព។
លោកប្រធានាធិបតី Zelensky បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មាននៅឯកិច្ចប្រជុំកំពូលខាងកើតរបស់អង្គការណាតូថា យើងត្រូវតែដាក់ទណ្ឌកម្មរួមគ្នាប្រឆាំងនឹងរុស្ស៊ី ទាំងសមាជិកប្រទេស G7 និងសហរដ្ឋអាមេរិក។
មេដឹកនាំអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី គឺជា “តម្រូវការជាបន្ទាន់” បើសិនគ្មានការរីកចំរើននៅក្នុងកិច្ចចរចារវាងភាគីទាំងពីរនៅទីក្រុងអ៊ីស្តង់ប៊ុលនោះទេ។
បើតាមការអះអាងរបស់លោក Zelensky ទណ្ឌកម្មគួរតែដាក់ប៉ះពាល់ដល់ថាមពលរុស្ស៊ី ជាពិសេសប្រេង និងនាវាដឹកប្រេង ហើយលោក និងអ្នកគាំទ្រអឺរ៉ុប ក៏បានជំរុញឱ្យលោក Trump បង្កើនសម្ពាធលើលោក Putin ដោយការដាក់ទណ្ឌកម្មថ្មី និងផ្តល់ឱ្យអ៊ុយក្រែននូវការគាំទ្រផ្នែកយោធាបន្ថែមទៀត៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា