អេស្ប៉ាញផ្តាច់កុងត្រាអភិវឌ្ឍប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះតម្លៃ ៣២៥លានដុល្លារជាមួយអ៊ីស្រាអែល
ម៉ាឌ្រីដ ៖ ក្រសួងការពារជាតិអេស្ប៉ាញ នៅថ្ងៃអង្គារ៍ បានប្រកាសពីការលុបចោលកិច្ចព្រមព្រៀងអភិវឌ្ឍប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ ដែលនឹងត្រូវផលិតនៅទីក្រុងMadrid ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អ៊ីស្រាអែល ក្នុងគោលបំណងដកខ្លួនឆ្ងាយពីបច្ចេកវិទ្យាយោធាអ៊ីស្រាអែល។
ប្រភពបានឱ្យដឹងថា ការសម្រេចចិត្តនេះ នឹងប៉ះពាល់ដល់អាជ្ញាប័ណ្ណសម្រាប់ការអភិវឌ្ឍប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ SPIKE LR2 ចំនួន ១៦៨គ្រាប់ ដែលមានតម្លៃប៉ាន់ស្មាន ៣២៥លានដុល្លារ។
បើតាមផែនការគ្រោងទុក ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះនេះ នឹងត្រូវបង្កើតឡើងនៅក្នុងទឹកដីអេស្ប៉ាញដោយក្រុមហ៊ុន Pap Tecnos ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអ៊ីស្រាអែល Rafael Advanced Defense Systems ដែលមានមូលដ្ឋាននៅទីក្រុង Madrid។
ជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលអេស្ប៉ាញ លោក Pilar Alegria បានប្រាប់អ្នកយកព័ត៌មានថា ច្បាស់ណាស់ គោលដៅគឺការកាត់ផ្តាច់ចេញទាំងស្រុងពីបច្ចេកវិទ្យាអ៊ីស្រាអែល ហើយអេស្ប៉ាញក៏កំពុងសិក្សាពីផលប៉ះពាល់នៃការលុបចោលកិច្ចព្រមព្រៀងនេះ។
យ៉ាងណា ក្រសួងការពារជាតិអ៊ីស្រាអែលបានចោទសួរទៅកាន់ក្រុមហ៊ុន Rafael ដែលបានប្រាប់សារព័ត៌មាន Associated Press ថា ខ្លួនមិនបានដឹងពីការលុបចោលនោះទេ ហើយក្រុមហ៊ុនអ៊ីស្រាអែល Pap Tecnos ដែលមានទីតាំងនៅជាយក្រុង Madrid របស់អេស្ប៉ាញក៏មិនបានធ្វើអត្ថាធិប្បាយផងដែរ។
សូមបញ្ជាក់ថា អេស្ប៉ាញបានអនុម័តកិច្ចព្រមព្រៀងអភិវឌ្ឍប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះនេះ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ពោលគឺ៤ថ្ងៃមុនពេលក្រុមហាម៉ាសវាយប្រហារ និងចាប់ចំណាប់ខ្មាំងនៅលើទឹកដីអ៊ីស្រាអែលភាគខាងត្បូង ដែលបង្កឱ្យមានសង្រ្គាមដ៏បំផ្លិចបំផ្លាញនៅតំបន់ហ្កាហ្សា។ អេស្ប៉ាញបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការក្នុងខែឧសភា ឆ្នាំ២០២៤ នៅក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជាមួយន័រវែស និងអៀរឡង់។
មួយខែក្រោយមក អេស្ប៉ាញបានក្លាយជាប្រទេសអឺរ៉ុបដំបូងគេ ដែលស្នើសុំតុលាការកំពូលរបស់អង្គការសហប្រជាជាតិ គឺតុលាការយុត្តិធម៌អន្តរជាតិ ស៊ើបអង្កេតសំណុំរឿងចោទប្រកាន់អ៊ីស្រាអែល ពីបទប្រព្រឹត្តិអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា។ តែអ៊ីស្រាអែលបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ៕
ប្រភព ៖ CTV News ប្រែសម្រួល ៖ ឈឹម ទីណា
