ផ្លូវមួយចំនួននៅក្នុងតំបន់រមណីយដ្ឋានភ្នំព្រះរាជទ្រព្យ នឹងត្រូវធ្វើការកែលម្អឡើង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋក្នុងតំបន់
(ខេត្តកណ្តាល)៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមកកំសាន្តនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់ និងជាផ្នែកមួយសម្រាប់ទាក់ទាញដល់ភ្ញៀវទេសចរណ៍មកកម្សាន្តសប្បាយនូវតំបន់នេះ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុក ចុះពិនិត្យគម្រោងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ នៅជុំវិញភ្នំព្រះរាជទ្រព្យ ស្ថិតនៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
ឯកឧត្តម គួច ចំរើន បានឱ្យដឹងថា រមណីយដ្ឋានភ្នំព្រះរាជទ្រព្យ គឺជារមណីយដ្ឋានមួយបែបប្រវត្តិសាស្ត្រ ដូច្នេះយើងត្រូវតែអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញតំបន់នេះ ឱ្យប្រទាក់ក្រឡាគ្នាខ្វាត់ខ្វែង ងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ ព្រមទាំងសម្រាប់រៀបចំនៅពិធីបុណ្យជាតិធំៗក្នុងតំបន់នេះផងដែរ ។
ឯកឧត្តមបានថែមថា ក្រៅពីកែលម្អហេដ្ឋារចនាសម្ព័ន្ធឱ្យប្រទាក់ក្រឡាគ្នាហើយនោះ នៅក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រនេះ ត្រូវតែមានសោភ័ណភាព មានរុក្ខជាតិបៃតងចំរុះ បន្ថែមពីនេះរដ្ឋបាលខេត្តកណ្ដាល បានត្រៀមរៀបចំនូវឧទ្យានសាធារណៈ និងលំហបៃតង សម្រាប់បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តសប្បាយនៅតំបន់នេះផងដែរ ហើយការរៀបចំឱ្យមានឧទ្យានសាធារណៈ និងលំហរបៃតងនេះ ក្រោមការផ្ដួចផ្ដើមពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ដោយមានការគាំទ្រពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ផងដែរ៕





ដោយ ៖ ង៉ាន់ ទិត្យ