ជប៉ុនចង់បង្កើតទីក្រុងនៅភពព្រះចន្ទក្នុងឆ្នាំ២០៤០
តូក្យូ ៖ ក្រុមហ៊ុនរុករកទីអវកាសឯកជន ispace របស់ជប៉ុន បានបង្ហាញពីមហិច្ឆិតាចង់ឃើញមនុស្សរស់នៅលើភពព្រះចន្ទក្នុងឆ្នាំ២០៤០ តាមរយៈការសាងសង់ទីក្រុងមួយនៅលើផ្ទៃព្រះចន្ទ ដែលអាចផ្ទុកមនុស្សបាន ១.០០០នាក់ និងស្វាគមន៍ភ្ញៀវទេសចររាប់ពាន់នាក់ទៀតសម្រាប់ការទៅទស្សនាទីនោះ។
ដើម្បីសម្រេចផែនការនេះ ដំណាក់កាលដំបូង iSpace បានចុះចតយានអវកាសមួយនៅលើផ្ទៃព្រះចន្ទដោយជោគជ័យជាមុនសិន។ ប៉ុន្តែការប៉ុនប៉ងលើកទីពីរ កាលពីថ្ងៃព្រហស្បតិ៍ទី៥ ខែឧសភា ក្នុងការចុះចតយានអវកាសស៊ើបអង្កេតនៅលើភពព្រះចន្ទបានបរាជ័យ។
ការប៉ុនប៉ងលើកទី២នេះ បានកើតឡើងបន្ទាប់ពីការធ្វើដំណើរជិត ៥ខែចេញពីផែនដីទៅកាន់ភពព្រះចន្ទ ដែលបានចាប់ផ្តើមជាមួយនឹងការបាញ់បង្ហោះនៅថ្ងៃទី១៥ ខែមករា តាមរយៈរ៉ុក្តែត Falcon 9 របស់ក្រុមហ៊ុន SpaceX ហើយគ្រោងនឹងចុះចតនៅតំបន់មួយនៃភពព្រះចន្ទ គឺ Mare Frigoris ដែលគេស្គាល់ថា ជា “សមុទ្រត្រជាក់”។
យានអវកាស Resilience គឺជាផ្នែកមួយនៃបេសកកម្ម Hakuto-R Mission 2 របស់ក្រុមហ៊ុន ispace ហើយកំពុងធ្វើដំណើរជុំវិញភពព្រះចន្ទ មុនពេលការប៉ុនប៉ងចុះចតកាលពីថ្ងៃព្រហស្បតិ៍។
ដំណើរការដោយបន្ទះស្រូបពន្លឺព្រះអាទិត្យ យានអវកាសនេះកំពុងផ្ទុកបន្ទុកពាណិជ្ជកម្ម និងវិទ្យាសាស្រ្តចម្រុះ រួមទាំងបច្ចេកវិទ្យាអេឡិចត្រូលីត្រទឹក ដើម្បីសាកល្បងសមត្ថភាពបង្កើតអ៊ីដ្រូសែន និងអុកស៊ីហ៊្សែនចេញពីសមាសធាតុទឹកនៅលើភពព្រះចន្ទ ព្រមទាំងម៉ូឌុលផលិតអាហារសម្រាប់ដាំដុះសារាយ ដែលជាប្រភពអាហារដ៏មានសក្តានុពល និងការស៊ើបអង្កេតវិទ្យុសកម្មអវកាសជ្រៅៗ។ បេសកកម្មនេះ ត្រូវបានរំពឹងថា នឹងមានរយៈពេលប្រហែលពីរសប្តាហ៍។
ប្រសិនបើ ispace ចង់បង្កើតអាណានិគមនៅលើភពព្រះចន្ទ ខ្លួនចាំបាច់ត្រូវស្វែងរកប្រភពផ្គត់ផ្គង់ទឹកកក ឬទឹកដ៏ច្រើន ដែលវាអាចបំប្លែងទៅជាឥន្ធនៈសម្រាប់ស្ថានីយ៍ប្រេងឥន្ធនៈនៅលើភពព្រះចន្ទនាពេលអនាគត ពីព្រោះសមត្ថភាពផលិតឥន្ធនៈនៅលើភពព្រះចន្ទ នឹងអាចឱ្យក្រុមហ៊ុនដឹកជញ្ជូនមនុស្សទៅមករវាងផែនដី និងភពព្រះចន្ទ។
ហើយបើសិនការចុះចតទទួលបានជោគជ័យនោះ យានរុករកតូចមួយដែលមានឈ្មោះថា Tenacious នឹងត្រូវបានដាក់ពង្រាយដើម្បីរុករកផ្ទៃព្រះចន្ទ ប្រមូលសំណាកដី បញ្ជូនវីដេអូ HD និងតេឡេម៉ែត្រត្រឡប់ទៅផែនដីវិញ។
ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន ispace លោក Takeshi Hakamada បាននិយាយថា គោលដៅរបស់យើង គឺកសាងសេដ្ឋកិច្ចនៅក្នុងលំហរ cislunar ដែលធ្វើឱ្យភពព្រះចន្ទ និងផែនដីមានទំនាក់ទំនងគ្នាជិតស្និត ទាំងសេដ្ឋកិច្ច និងសង្គម។ ហើយយើងជឿជាក់ថា ការខិតខំនេះ និងភាពជោគជ័យយូរអង្វែង នឹងជួយធ្វើឱ្យជីវិតនៅលើភពផែនដីមាននិរន្តរភាពសម្រាប់មនុស្សជាតិគ្រប់រូប៕
ប្រភព ៖ ABC News ប្រែសម្រួល ៖ ឈឹម ទីណា
