អ្នកនាំពាក្យក្រសួងការបរទេស៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ប្រាប់ភាគីថៃថា ការបញ្ជូនបញ្ហាទៅ ICJ ដើម្បីកាត់ក្តីនឹងផ្តល់ដំណោះស្រាយមួយដែលយុត្តិធម៌ និងយូរអង្វែង
ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះថា «ឆ្លើយតបនឹងការសាកសួររបស់អ្នកសារព័ត៌មាន ខ្ញុំសូមជម្រាបថា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានផ្ញើលិខិតមួយច្បាប់ជូនសមភាគីថៃ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥។ ក្នុងលិខិតនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថាឯកឧត្តមផ្ញើលិខិតនេះ “ក្នុងស្មារតីនៃមិត្តភាព និងប្រកបដោយការប្ដេជ្ញាដ៏ស្មោះត្រង់ ក្នុងការរួមរស់ដោយសន្តិសហវិជ្ជមាន និងសុខដុមរមនា របស់ប្រជាជាតិយើងទាំងពីរ។

លិខិតបានលើកឡើងជាអាទ៍ថា៖
វិវាទព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានបន្តអូសបន្លាយអស់ជាច្រើនទសវត្សរ៍មកហើយ ទោះបីជាមានយន្តការទ្វេភាគីជាច្រើន និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយសុច្ឆន្ទៈ ក្នុងការដោះស្រាយក៏ដោយ។ គួរឱ្យសោកស្ដាយ បញ្ហាដែលពុំទាន់អាចដោះស្រាយទាំងនេះ នៅតែជាប្រភពនៃការយល់ច្រឡំ និងភាពតានតឹង ដែលតែងតែកើតឡើងវិញ និងបង្កឱ្យមានឧបទ្ទវហេតុជាអកុសលជាច្រើន។
ថ្មីៗនេះ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ការប្រឈមមុខដាក់គ្នាដ៏ធ្ងន់ធ្ងរមួយបានកើតឡើងនៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្តខេត្តព្រះវិហារ នៅពេលដែលកងកម្លាំងយោធាថៃបានបើកការវាយប្រហារមកលើលេណដ្ឋានកងទ័ពកម្ពុជា និងបណ្តាលឱ្យទាហានខ្មែរ០១រូបបាត់បង់ជីវិត។ ឧប្បត្តិហេតុនេះ បានបញ្ជាក់បន្ថែមថា ការស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព និងសន្តិភាព គឺជារឿងបន្ទាន់។
ដោយសារភាពស្មុគស្មាញ លក្ខណៈប្រវត្តិសាស្ត្រ និងភាពរសើបនៃវិវាទទាំងនេះ យើងឃើញកាន់តែច្បាស់ថា កិច្ចសន្ទនាទ្វេភាគីអាចនឹងមិនគ្រប់គ្រាន់ ដើម្បីទទួលបានដំណោះស្រាយដ៏ទូលំទូលាយ និងយូរអង្វែង។ ក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជាជឿជាក់ថា មាគ៌ាទៅមុខដែលសមស្រប និងសន្តិវិធីបំផុតនោះគឺ ការបញ្ជូនបញ្ហាពាក់ព័ន្ធនឹងតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង ប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីកាត់ក្ដី។
សេចក្តីសម្រេចដែលចេញដោយតុលាការអន្តរជាតិ ICJ ផ្អែកលើច្បាប់អន្តរជាតិ នឹងផ្តល់ដំណោះស្រាយមួយដែលយុត្តិធម៌ មិនលំអៀង និងយូរអង្វែង។ សេចក្ដីសម្រេចនេះនឹងផ្ដល់ភាពច្បាស់លាស់ដែលត្រូវការចំាបាច់សម្រាប់ព្រំដែនគោករៀងខ្លួនៗរបស់យើង ហើយសំខាន់បំផុតនោះគឺ នឹងជួយជំរុញឱ្យមានបរិយាកាសប្រក បដោយសន្តិភាពយូរអង្វែង ស្ថិរភាព និងកិច្ចសហប្រតិបត្តិការវាងប្រទេសយើងទាំងពីរ។ ដំណើរការនេះក៏នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តទៅវិញទៅមករបស់យើងក្នុងការប្រកាន់ខ្ជាប់នីតិរដ្ឋ ការរក្សាភាពសុខដុ មរមនាក្នុងតំបន់ និងការជំរុញវិបុលភាពរួមសម្រាប់ប្រជាជនរបស់យើងនៅក្នុងសហគមន៍អាស៊ាន។
អាស្រ័យដូចបានជម្រាបជូនខាងលើ ខ្ញុំសូមជំរុញរាជរដ្ឋាភិបាលថៃពិចារណាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំយកវិវាទព្រំដែននេះទៅតុលាការអន្តរជាតិ ICJ។ យើងគួរចាប់យកឱកាសនេះ ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមរបស់យើងចំពោះកិច្ចសន្ទនាដោយសន្តិវិធី ដំណោះស្រាយតាមផ្លូវច្បាប់ និងអនាគតនៃអ្នកជិតខាងដ៏ល្អ»។
ឆ្លៀតឱកាសនេះ ឯកឧត្តមអ្នកនាំពាក្យ គូសបញ្ជាក់ជាថ្មីម្តងទៀតអំពីសុឆន្ទៈ និងការតាំងចិត្តដ៏មុតមារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយ សន្តិវិធី និងស្ថិតស្ថេរចេរកាល សំរាប់បញ្ហាព្រំដែនជាមួយប្រទសជិតខាង រួមទាំងប្រទេសថៃ មិនដូចការចោទប្រកាន់របស់មជ្ឈដ្ឋានមួយចំនួនក្នុងប្រទេសថៃនោះឡើយ ។
ការប្រកាន់ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការបញ្ជូនបញ្ហាពាក់ព័ន្ធនឹងតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីកាត់ក្តី គឺដើម្បីស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ មិនលំអៀង និងយូរអង្វែង ដូចដែលឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានបកស្រាយយ៉ាងច្បាស់ក្នុងសារលិខិតខាងលើរបស់ឯកឧត្តម៕