ថៃបិទសេវាឡានក្រុងទៅមកថៃ-កម្ពុជា
បាងកក ៖ ក្រៅពីបិទព្រំដែនជាមួយប្រទេសកម្ពុជា ឥឡូវនេះក្រុមហ៊ុនដឹកជញ្ជូនដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសថៃ បានសម្រេចបិទសេវាកម្មឡានក្រុងរវាងទីក្រុងបាងកក ភ្នំពេញ និងសៀមរាប ចាប់ពីថ្ងៃចន្ទទី៩ ខែមិថុនា នេះបើតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍។
ក្រុមហ៊ុនដឹកជញ្ជូនរដ្ឋថៃបានបង្ហោះសារលើបណ្តាញសង្គម Facebook ថា សេវាកម្មរបស់ខ្លួននឹងបិទដំណើរការជាបណ្តោះអាសន្ន ដោយសារតែឡានក្រុងដឹកអ្នកដំណើរ ត្រូវបានហាមឃាត់មិនឱ្យឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ។
យោងតាមក្រុមហ៊ុនដឹកជញ្ជូនរដ្ឋថៃ សេវាកម្មឡានក្រុងបាងកក-សៀមរាបមានចម្ងាយ ៤១៩គីឡូម៉ែត្រ ធ្វើដំណើរប្រចាំថ្ងៃចំនួនពីរជើង ដោយមួយជើងៗចេញដំណើរពីបាងកក-សៀមរាប នៅម៉ោង ៩ព្រឹក តម្លៃសំបុត្រធ្វើដំណើរ ៧៥០បាត ឬជិត ២៣ដុល្លារ។
រីឯសេវាកម្មឡានក្រុងបាងកក-ភ្នំពេញមានប្រវែង ៧១៩គីឡូម៉ែត្រ។ ក្នុងនោះក៏មានការធ្វើដំណើរជារៀងរាល់ថ្ងៃចំនួនពីរជើង ចេញដំណើរពីបាងកក-ភ្នំពេញនៅម៉ោង ៨ព្រឹក តម្លៃសំបុត្រធ្វើដំណើរ ៩០០បាត ឬជិត ២៨ដុល្លារ៕
ប្រភព ៖ បាងកកប៉ុស្តិ៍ ប្រែសម្រួល ៖ ឈឹម ទីណា