បុគ្គលឆ្នើមគំរូ ៣រូប ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសទស្សនវិជ្ជា និងអក្សសាស្ត្រខ្មែរ
(ភ្នំពេញ)៖ បុគ្គលឆ្នើមគំរូ ៣រូប បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសទស្សនវិជ្ជា និងអក្សរសាស្ត្រខ្មែរ ពីសាកលវិទ្យាល័យ ពោធិសាស្ត្រា ផ្លូរីដា សហរដ្ឋអាមេរិក នាថ្ងៃទី០៨ មិថុនា នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ។

លោកសាស្ត្រាចារ្យបណ្ឌិត ជា ចំរើន តំណាងសាកលវិទ្យាល័យ និងជាប្រធានសមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាព និងអភិវឌ្ឍន៍ បានឲ្យដឹងថា សមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាព និងអភិវឌ្ឍន៍ បានធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយសាកលវិទ្យាល័យពោធិសាស្ត្រា ផ្លូរីដា សហរដ្ឋអាមេរិក ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយព័ត៌មានអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស ។

ក្នុងកិច្ចសហប្រតិបត្តិការរវាងសមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាព និងអភិវឌ្ឍន៍ បានធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយសាកលវិទ្យាល័យពោធិសាស្ត្រា ផ្លូរីដា សហរដ្ឋអាមេរិក បានឈានដល់ការសិក្សាស្រាវជ្រាវវាយតម្លៃសកម្មភាពស្នាដៃ និងគុណសម្បត្តិឆ្នើមទទួលជ័យលាភី ជាបណ្ឌិតផ្នែកសេដ្ឋកិច្ច សង្គមអប់រំ វប្បធម៌ និងអក្សរសាស្ត្រ ។

នៅក្នុងឱកាសនោះដែរ លោកសាស្ត្រាចារ្យបណ្ឌិត ជា ចំរើន ក្នុងនាមប្រធានសមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកសាស្ត្រាចារ្យបណ្ឌិត សក្ដិ ប្រាសាន់ឌី អធិការបតីសាកលវិទ្យាល័យពោធិសាស្ត្រាផ្លូរីដាសហរដ្ឋអាមេរិក ព្រមទាំងក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្ត្រសាកលវិទ្យាល័យ ដែលបានប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ទស្សនៈវិជ្ជា ជូនឥស្សរជនឆ្នើមជ័យលាភីដល់បណ្ឌិត ៣រូប គឺឯកឧត្តមអ្នកឧកញ៉ា ឡាញ់ ភារ៉ា, បណ្ឌិត ភឺន ផល្លា និងបណ្ឌិត ទូច គីមស្រ៊ាង ជាបុគ្គលឆ្នើមគំរូ ដើម្បីផ្ដល់ជាកិត្តិយស និងបង្ហាញនូវការកោតសរសើរចំពោះបុគ្គលមានសមត្ថភាព មានទស្សនៈទូលំទូលាយ គតិបណ្ឌិត គុណធម៌ ដើម្បីជាគំរូដ៏ប្រពៃដល់ប្រជាជនកម្ពុជាទាំងអស់ឲ្យមានស្មារតី និងឆន្ទៈស្នេហាជាតិមាតុភូមិ។

លោកសាស្ត្រាចារ្យបណ្ឌិត បញ្ជាក់ថា ការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតែជាកិច្ចការអាទិភាពមួយ នៃសង្គមសេដ្ឋកិច្ចកម្ពុជា ដែលទាមទារការចូលរួម និងគាំទ្រពីគ្រប់មជ្ឈដ្ឋាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ វណ្ណលុក
