សហភាពអឺរ៉ុប ចាប់អារម្មណ៍ខ្លាំងក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ បន្ថែមទៀតជាមួយកម្ពុជា

(នីស)៖ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង ឯកឧត្តម António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានបង្ហាញចំណាប់អារម្មណ៍ខ្លាំងក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ បន្ថែមទៀតជាមួយកម្ពុជា ។

ក្នុងជំនួបនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ សម្តេចបវរធិបតី ព្រមទាំងបានលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងសហភាពអឺរ៉ុប និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចសហការដែលកំពុងបន្តជាមួយបណ្តាប្រទេសជាសមាជិក រួមទាំងកម្ពុជា ផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការងារកសាងក្របខ័ណ្ឌគតិយុត្ត ជាពិសេស ការជំរុញការអនុម័តច្បាប់ស្តីពីជលផលនាពេលថ្មីៗនេះ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបន្តពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា ព្រមទាំងបានវាយតម្លៃអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា។

ជាការឆ្លើយតប, សម្តេចបវរធិបតីបានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា នាពេលកន្លងមក តាមរយៈការអនុវត្តគម្រោងរួមគ្នារវាងកម្ពុជា-សហភាពអឺរ៉ុប។ តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះ សម្តេចបវរធិបតីសង្ឃឹមយ៉ាងមុតមាំថា សហភាពអឺរ៉ុបនឹងនៅតែបន្តធ្វើជាដៃគូល្អជាមួយកម្ពុជា សម្រាប់អនាគតកាល ជាពិសេស ក្រោយពេលកម្ពុជាចាកចេញពីឋានៈជាក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។ ចំពោះការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យជលផល, កម្ពុជាបានដាក់ចេញនូវវិធានការជាក់ស្តែងជាច្រើន ដែលក្នុងនោះ រួមមាន ការជំរុញការអនុម័តច្បាប់ស្ដីពីជលផលដែលបានឆ្លងរដ្ឋសភារួច ហើយព្រឹទ្ធសភានឹងបន្តពិនិត្យលើសេចក្តីព្រាងច្បាប់នេះក្នុងខែមិថុនានេះ។

ក្រៅពីវិស័យជលផល កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ សំដៅជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% នៅឆ្នាំ២០៣០ និងសម្រេចបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ បើទោះបីជាប្រទេសកម្ពុជាមិនមែនជាប្រទេសដែលបំភាយឧស្ម័នកាបូនិកក៏ដោយ។

សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ស្របពេលដែលពិភពលោកកំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជា កម្ពុជានៅតែរក្សាជំហរប្រកាន់ខ្ជាប់នូវសេរីភាវូបនីយកម្ម និងពហុភាគីនិយម ហើយការប្រើប្រាស់កម្លាំងយោធាមិនមែនជាអាទិភាពក្នុងនយោបាយរបស់កម្ពុជានោះទេ ព្រោះកម្ពុជាដែលធ្លាប់ជាជនរងគ្រោះនៃសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍ យល់ច្បាស់អំពីផលវិបាកនៃសង្គ្រាម ជាពិសេសគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

មុននឹងបញ្ចប់ជំនួប, ឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប ក៏បានអញ្ជើញសម្តេចបវរធិបតីបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលសហភាពអឺរ៉ុប ទីក្រុងព្រុចសែល ដើម្បីពិភាក្សាស្វែងរកកាលានុវត្តភាពថ្មី សំដៅបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និង កម្ពុជា។

សម្តេចបវរធិបតីបានទទួលយកការអញ្ជើញនេះ ដោយគ្រោងនឹងអញ្ជើញបំពេញទស្សនកិច្ចនៅពេលវេលាសមស្របណាមួយ នាពេលខាងមុខ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner