អ្នកនាំពាក្យក្រសួងបរិស្ថាន៖ការបំពុលដោយប្លាស្ទិកប៉ះពាល់ដល់សុខុមាលភាពរបស់មនុស្ស សត្វ និងបរិស្ថាន

(ភ្នំពេញ)៖ នៅក្នុងពីធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា រៀបចំឡើងដោយមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ទី៩ ខែមិថុនា ឆ្នាំ២០២៥ នៅវិទ្យាល័យ ហ៊ុន សែន ពាមជាំង ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក៥ មិថុនា ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅក្រោមប្រធានបទ«ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» គឺសមស្របទៅនឹងបរិបទរបស់ពិភពលោក ដែលកំពុងប្រឈមនឹងការកើនឡើងនៃសំណល់ប្លាស្ទិក និងការបំពុលដោយប្លាស្ទិក។

ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថាប្រធានបទនេះ ពិតជាបានឆ្លុះបញ្ចាំងពីការពិត និងការព្រួយបារម្ភរបស់ពិភបលោកចំពោះបញ្ហាប្លាស្ទិក ប្រសិនបើគ្មានវិធានការប្រកបដោយនិរន្តភាពនោះទេ គេរំពឹងថា បរិមាណសំណល់ប្លាស្ទិក ដែលហូរចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ី ក្នុងទឹក នឹងកើនឡើងជិតបីដង ប្រមាណ២៩លានតោន ក្នុងឆ្នាំ២០៤០។

ឯកឧត្តម បានបញ្ជាក់ថា ការបំពុលដោយប្លាស្ទិក បានប៉ះពាល់ដល់សុខុមាលភាពរបស់មនុស្ស សត្វ និងបរិស្ថាន ក្នុងនោះប្លាស្ទិកហូរចូលទៅសមុទ្រ នៅឆ្នាំ២០៥០ នឹងមានចំនួនច្រើនជាងត្រីនៅក្នុងសមុទ្រ។ ដោយឡែក ការដុតសំណល់ប្លាស្ទិកនៅទីវាល បានបង្កឱ្យមានផលប៉ះពាល់ដល់ស្រទាប់អូហ្សូន និងសុខភាពមនុស្ស គឺនៅពេលដកដង្ហើម ដូចជា ជំងឺមហារីក ជំងឺផ្លូវដង្ហើម។ ផ្សែងដែលហុយពីថង់ប្លាស្ទិកទាំងនោះ មានជាតិគីមីខ្ពស់ប្រភេទ ដែលជាភ្នាក់ងារបង្កើតមេរោគ និងជំងឺមហារីក។

ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក ឯកឧត្តម មន្រ្តីអ្នកនាំពាក្យបានសំណូមពរ ឱ្យប្រជាពលរដ្ឋមានការប្តេជ្ញាចិត្ត និងចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងនោះការអនុវត្តវិធី៤ជាចាំបាច់ គឺចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក សូមធ្វើការប្រើប្រាស់ឡើងវិញកុំប្រើប្លាស្ទិកតែ១ដងបោះចោល ធ្វើការកែច្នៃនិងផលិតជាសម្ភារប្រើប្រាស់ឡើងវិញ និងទាញយកចំណូលពីពីប្លាស្ទិក និងធ្វើការបដិសេធមិនប្រើប្រាស់ប្លាស្ទិកប្រចាំថ្ងៃ។

ក្នុងឱកាសនោះ ឯកឧត្តម ខ្វៃ អាទិត្យា បានវាយតម្លៃខ្ពស់និងថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុងស្រុក និងអាជ្ញាធរមូលដ្ឋានទាំងអស់ អង្គការ សមាគម ដៃគូសហការ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការល្អ អនុវត្តយុទ្ធនាការជាជំហានៗ ដូចជាយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» យុទ្ធនាការ«ផ្លូវជាតិ គ្មានសំរាមនិងសំណល់ប្លាស្ទិក» និងយុទ្ធនាការផ្សេងទៀត របស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញដោយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបង្កើតឡើងស្របជាមួយ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅធ្វើឱ្យកម្ពុជាស្អាត មានភាពបៃតង និងមានការអភិវឌ្ឍន៍ដោយចីរភាព។

លោក នី សុធី ប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានឱ្យដឹងថា នៅក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥ មិថុនា នៅខេត្តត្បូងឃ្មុំ គណៈអធិបតីបានប្រគល់កូនឈើជានិមិត្តរូប ដល់មន្ទីរបរិស្ថានខេត្ត រដ្ឋបាលស្រុកអូររាំងឪ ជូនទៅមូលដ្ឋាន និងសាលារៀនមួយចំនួន។

គួរបញ្ជាក់ថា បន្ទាប់ពីនោះប្រតិភូ ក្រុមការងារ រួមជាមួយសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអ្នកចូលរួម បានចេញរើសសំរាម សំណល់ប្លាស្ទិក នៅតាមមូលដ្ឋាន និងតាមផ្លូវ ដើម្បីទុកដាក់ឱ្យបានត្រឹមត្រូវ ដើម្បីបណ្តុះគំនិតស្អាត ឆ្ពោះទៅមានទម្លាប់ស្អាតជានិរន្តរ៍៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner