យន្តហោះចម្បាំងប៉ូឡូញប្រុងជើងការ ចំពេលរុស្ស៊ីវាយលុកអ៊ុយក្រែនទ្រង់ទ្រាយធំ
វ៉ាសូវី ៖ ដើម្បីប្រុងជើងការទុកជាមុន ប៉ូឡូញ និងសម្ព័ន្ធមិត្ត នៅព្រឹកថ្ងៃចន្ទនេះ នឹងបញ្ជាឱ្យយន្តហោះចម្បាំងសកម្មនៅក្នុងប្រតិបត្តិការធានាសុវត្ថិភាពដែនអាកាសរបស់ប្រទេសប៉ូឡូញ ក្រោយប្រទេសជិតខាងអ៊ុយក្រែនកំពុងរងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំពីសំណាក់រុស្ស៊ី។
នៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញសង្គម បញ្ជាការប្រតិបត្តិការនៃកងកម្លាំងប្រដាប់អាវុធប៉ូឡូញ បានគូសបញ្ជាក់ថា យោងតាមស្ថានការណ៍រុស្ស៊ីវាយប្រហារផ្លូវអាកាសកាន់តែខ្លាំងក្លានៅលើទឹកដីអ៊ុយក្រែននោះ យន្តហោះចម្បាំងប៉ូឡូញ រួមទាំងសម្ព័ន្ធមិត្តបានចាប់ផ្តើមប្រតិបត្តិការកាន់តែសកម្ម ដើម្បីចាត់វិធានការការពារដែនអាកាសប៉ូឡូញទាំងព្រឹក។
ប៉ូឡូញ គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់អ៊ុយក្រែន ហើយក៏បម្រើជាមជ្ឈមណ្ឌលដឹកជញ្ជូនជំនួយយោធាលោកខាងលិចដ៏សំខាន់ដល់ទីក្រុងកៀវ។ កាលពីខែមីនា ឆ្នាំ២០២៤ ប៉ូឡូញដែលជាសមាជិកអង្គការណាតូបានរាយការណ៍អំពីការរំលោភលើដែនអាកាសរបស់ខ្លួន ដោយកាំជ្រួចរបស់រុស្ស៊ី ហើយថែមទាំងទាមទារឱ្យមានការបកស្រាយពីទីក្រុងមូស្គូ។
ឧបទ្ទវហេតុស្រដៀងគ្នានេះក៏ធ្លាប់កើតឡើងនៅក្នុងខែធ្នូ ឆ្នាំ២០២៣ផងដែរ នៅពេលដែលមីស៊ីលរុស្ស៊ីមួយគ្រាប់បានបាញ់ឆ្លងចូលដែនអាកាសប៉ូឡូញជាច្រើននាទី មុនពេលហោះត្រឡប់ទៅកាន់អ៊ុយក្រែនវិញ។
ហើយឥឡូវនេះ រុស្សីបានបង្កើនការវាយលុកកាន់តែជ្រៅនៅភាគខាងលិចអ៊ុយក្រែន ដោយប្រើប្រាស់យន្តហោះដ្រូន និងកាំជ្រួចរាប់សិបគ្រាប់ ជាអ្វីដែលអភិបាលក្រុង Rivne លោក Oleksandr Tretyak ហៅវាថា ជា “ការវាយប្រហារដ៏ធំបំផុត” នៅក្នុងតំបន់។
ហើយថ្មីៗនេះ រុស្ស៊ីបានពន្លឿនយុទ្ធនាការប្រឆាំងនឹងអ៊ុយក្រែន ដែលនាំឱ្យកាត់បន្ថយក្តីសង្ឃឹមស្វែងរកបទឈប់បាញ់ បន្ទាប់ពីការជំរុញការទូតជាថ្មី ដើម្បីបញ្ចប់ជម្លោះដ៏ធំបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
