កម្ពុជា-កូតឌីវ័រ ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី

(នីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Robert Beugré Mambé នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័រ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្នុង ឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពី មហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។

សម្ដេចបវរធិបតី បានរំឭកអំពីវត្តមានរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី​នៃសាធា​រណ​រដ្ឋកូតឌីវ័រ ដែលបានអញ្ជើញចូលរួមមហាសន្និបាតលើកទី៣៩ របស់សមាគម​អន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) នៅរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១៩។

សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានភាពប្រហាក់​ប្រហែល​គ្នាមួយចំនួន ជាពិសេសនៅក្នុងមូលដ្ឋានសេដ្ឋកិច្ច។ បន្ថែមលើនេះ, សម្ដេចបវរ​ធិបតីក៏បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីកូតឌីវ័របំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ និងពិនិត្យលទ្ធភាព ចូលរួមកិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ខាងមុខនេះ នៅខេត្តសៀមរាប ដែល​កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័រ​បានកោត​សរសើរ​ភាពជាអ្នក​ដឹកនាំ​ប្រកបដោយសមត្ថភាពរបស់សម្ដេចបវរធិបតី ដែលបន្តរក្សាបាន​នូវ​សន្ដិភាព, ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តមនាយករដ្ឋមន្ត្រីសង្ឃឹមថា នឹងមានឱកាស​បំពេញ​ទស្សនកិច្ចផ្លូវ​ការ​នៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ដែលនឹងជាកាលានុវត្តភាពនៃការបន្តកិច្ចពិភាក្សាទ្វេភាគី សំដៅពង្រឹង និង​ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ទាំងពីរឱ្យកាន់​តែ​ល្អប្រសើរថែមទៀត។

នាយករដ្ឋមន្ត្រីទាំងពីរ បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នានៅ​លើកិច្ច​សហប្រ​តិបត្តិការសក្ដានុពលមួយចំនួន, ជាពិសេសលើវិស័យឧស្សាហកម្ម និងកសិកម្ម។

ឯកឧត្តមនាយករដ្ឋមន្ត្រីកូតឌីវ័រ បានសន្យាថា នឹងចាត់រដ្ឋមន្ត្រីឧស្សាហកម្ម ទៅធ្វើទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីពិនិត្យ និងសិក្សាលទ្ធភាពពង្រីកការ​ផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍមូលដ្ឋានផលិតកម្មជាមួយប្រទេសកម្ពុជា។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានឯកភាពក្នុងការបន្តពិនិត្យលទ្ធភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីជាផ្លែផ្កា និង ឧត្តមប្រយោជន៍ សម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner