រដ្ឋបាល Trump បង្កើនទ័ពដល់ជិត៥ពាន់នាក់ បង្ក្រាបបាតុករនៅLos Angeles
បរទេស៖ រដ្ឋបាលរបស់លោក Donald Trump បានបង្កើន ការដាក់ពង្រាយកងទ័ព ដល់ជិត ៥ពាន់នាក់ ទៅបង្ក្រាបក្រុមបាតុករ ដែលប្រឆាំងនឹងគោលនយោបាយអន្តោប្រវេសន៍ នៅក្នុងទីក្រុង Los Angeles។
ទីភ្នាក់ងារព័ត៌មាន Independent បានចុះផ្សាយ កាលពីថ្ងៃអង្គារនេះថា បន្ទាប់ពីមានកងទ័ពឆ្មាំជាតិ ២ពាន់នាក់ ត្រូវបានដាក់ពង្រាយ ទៅបង្ក្រាបភាពចលាចល កាលពីចុងសប្តាហ៍ រួចមក រដ្ឋបាលរបស់លោក Trump បានសម្រេចបន្ថែម កងទ័ពឆ្មាំជាតិទាំងនេះ ចំនួន២ពាន់នាក់បន្ថែមទៀត ព្រមទាំង បញ្ជូនកងទ័ពម៉ារីនចំនួន៧០០នាក់ បន្ថែមទៀត តាមការបញ្ជាផ្ទាល់ ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth។
ឆ្លើយតបនឹងការសម្រេចចិត្តនេះ អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានរិះគន់ធ្ងន់ៗថា ការបង្កើននេះ មិនមែនដើម្បីសុវត្ថិភាពសាធារណៈទេ ប៉ុន្តែ លោកចាត់ទុក ទង្វើរបស់ប្រធានាធិបតី Donald Trump ជាការសម្រេចដ៏គ្រោះថ្នាក់។ លោក Newsom បានសម្រេចប្តឹងទៅរដ្ឋបាលសហព័ន្ធ ជុំវិញការដាក់ពង្រាយនេះ ដោយលោកជឿជាក់ថា បានធ្វើឱ្យស្ថានការណ៍ កាន់តែក្តៅគគុក។
ការដាក់ពង្រាយកងទ័ព ឲ្យកើនដល់ជិត៥ពាន់នាក់នេះ បានធ្វើឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នាហិង្សា កាលពីចុងសប្តាហ៍ ដោយក្នុងនោះ ក្រុមបាតុករបានដើរតាមផ្លូវ ប្រឆាំងនឹងការវាយឆ្មក់របស់មន្ត្រីអន្តោប្រវេសន៍ លើជនចំណាកស្រុក។ កងទ័ពរាប់រយនាក់បានចូលមកអន្តរាគមន៍ បាញ់ឧស្ម័នបង្ហូរទឹកភ្នែក ខណៈដែលរថយន្តជាច្រើនគ្រឿង ត្រូវបានក្រុមបាតុករ ដុតបំផ្លាញ ហើយក៏មានសេចក្តីរាយការណ៍ អំពីការលួចរបស់របរ នៅកណ្តាលទីក្រុង Los Angeles ខណៈដែលមនុស្ស៤២នាក់ ត្រូវបានចាប់ខ្លួន៕
ប្រភពពី Independent ប្រែសម្រួល៖ សារ៉ាត
