ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រធានតំណាង JICA ផ្លាស់ប្ដូរយោបល់​គ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យមហាផ្ទៃ

(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀល​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក SANUI Kazumasa ប្រធានតំណាង​ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន (JICA) បានផ្លាស់ប្ដូរយោបល់គ្នា​ប្រកប​ដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមហាផ្ទៃ ពិសេសគម្រោងដែលផ្ដល់ការគាំទ្រដោយ JICA។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​កិច្ចសហការ និងការផ្តល់ការគាំទ្ររបស់ JICA នាពេលកន្លងមករួមមាន វិស័យ​អភិបាលកិច្ចមូលដ្ឋានលើផ្នែកវិមជ្ឈការ និងវិសហមជ្ឈការ ការបណ្តុះបណ្តាល​មន្ត្រី គម្រោងទីក្រុងឆ្លាតវៃខេត្តសៀមរាប ក្នុងគោលដៅផ្តល់សេវារដ្ឋបាល​ឱ្យកាន់​តែកៀកជូនប្រជាជន និងការងារសុវត្ថិភាពចរាចរណ៍ដើម្បី កាត់បន្ថយអត្រា​គ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។

លោក SANUI Kazumasa ក៏បានជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត អំពី​សមិទ្ធផលនានារបស់គម្រោងទីក្រុងឆ្លាតវៃដំណាក់កាលទី១ ដែលបាន​បញ្ចប់​កាល​ពីខែឧសភា ឆ្នាំ២០២៥ ថ្មីៗនេះ ហើយ JICA នឹងបន្តកិច្ចសហការជាមួយ​រដ្ឋបាល​ខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធនានាក្នុងដំណើរការគម្រោងទីក្រុងឆ្លាត​វៃដំណាក់កាលទី២ ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ជាបន្តទៀត។

ក្នុងជំនួបនោះដែរ លោក SANUI Kazumasa ក៏បានលើកឡើងពីការផ្តល់​ការគាំ​ទ្រ​របស់JICA ក្នុងការចូលរួមចំណែកក្នុងការងារជួយសង្គ្រោះជនរងគ្រោះពីអំពើ​ជួញដូរមនុស្ស ដូចជាការផ្តល់យោបល់លើសេចក្តីណែនាំស្តីពីការកំណត់​អត្ត​សញ្ញាណ​ជនរងគ្រោះ ព្រមទាំងការផ្តល់ការគាំទ្រលើជំនួញបច្ចេកទេស 3Es របស់ JICA ចំពោះគម្រោងធ្វើឱ្យប្រសើរឡើងលើគម្រោងផ្លូវជាតិលេខ៥។

ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណចំពោះ ការផ្តល់ការគាំទ្ររបស់ JICA លើគម្រោងទាំង៣ ខាងលើ និងបានស្នើសុំ JICA បន្តផ្តល់ការគាំទ្រ​លើ​ការ​ងារអភិបាលកិច្ចមូលដ្ឋានតាមរយៈការចុះតាមមូលដ្ឋាន ដើម្បីវាយតម្លៃ​ជាក់ស្តែង បន្តផ្តល់ការឧបត្ថម្ភគាំទ្រដល់គម្រោងទីក្រុងឆ្លាតវៃ បន្តចូលរួម​សហការក្នុង​ការងារ​ការពារជនរងគ្រោះពីអំពើជួញដូរមនុស្ស បន្តផ្តល់ការ​បណ្តុះបណ្តាល​ពលរដ្ឋតាម​មូលដ្ឋាន និងសហការជាមួយស្ថាប័នមានសមត្ថកិច្ច​ដើម្បីចូលរួមក្នុងការងារ​សុវត្ថិ​ភាព​ចរាចរណ៍ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ហើយក្រសួង​មហាផ្ទៃ ស្វាគមន៍ជានិច្ចចំពោះ កិច្ចសហការ​នានា​រវាងក្រសួង​មហាផ្ទៃ និងJICA៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner