អភិបាលរាជធានីបញ្ជាក់ជុំវិញការត្រៀមសម្ពោធផ្លូវថ្មើរជើងចតុមុខ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត
ភ្នំពេញ៖បញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាក្នុងកម្មវិធីសម្ពោធបើកជាផ្លូវការនូវផ្លូវថ្មើរជើងចតុមុខ (Walk Street) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។នេះជាការបញ្ជាក់របស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវថ្មើរជើងចតុមុខកាលពីព្រឹកថ្ងៃទី១២ ខែមិថុនា នៅសាលារាជធានីភ្នំពេញ។

ថ្លែងក្នុងកិច្ចប្រជុំដ៏មានអត្ថន័យនេះ ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា ផ្លូវថ្មើរជើងចតុមុខ បន្ទាប់ពីបានបើកឱ្យដំណើរការជាបណ្តោះអាសន្នប៉ុន្មានខែមកនេះ បានទទួលការគាំទ្រនិងពេញនិយមខ្លាំងពីប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ។ដោយឈរលើផ្លែផ្កាដែលកើតចេញពីម្លប់សន្តិភាពនេះ រដ្ឋបាលរាជធានីភ្នំពេញបានស្នើសុំទៅសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីអញ្ជើញសម្ពោធបើកជាផ្លូវការ ហើយត្រូវបានសម្តេចបវរធិបតី ឯកភាពនិងអញ្ជើញចូលរួមសម្ពោធជាផ្លូវការនៅថ្ងៃទី២១ ខែមិថុនាខាងមុខ។

ឯកឧត្ដម ឃួង ស្រេង បានផ្តល់សារៈសំខាន់លើបញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាឱ្យបានសម្រាប់ទាំងថ្នាក់ដឹកនាំកំពូលៗនិងអ្នកចូលរួមទាំងអស់ ជាមួយការបង្កើតឱ្យមានទីបញ្ជាការស្រាលជាច្រើនកន្លែង។ បន្ថែមពីលើការងារសន្តិសុខនេះ ការជួសជុលផ្លូវ ការអ៊ុតគំនូសចរាចរ ការតុបតែងនិងបំពាក់ភ្លើងបំភ្លឺ ត្រូវតែធ្វើឱ្យបានរួចរាល់នៅមុននៃការប្រារព្វពិធីនេះ។

យោងតាមកម្មវិធីដែលបានគ្រោងសម្រាប់ថ្ងៃសម្ពោធ ដើម្បីញ៉ាំងឱ្យព្រឹត្តិការណ៍នេះកាន់តែសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំឱ្យមានការប្រគំតន្ត្រីខ្នាតធំ ដោយក្រុមហ៊ុនកាឡាក់ស៊ី«GALAXY »,ការសម្តែងសិល្បៈប្រពៃណី របាំចម្រុះរបស់មន្ទីរវប្បធម៌រាជធានីភ្នំពេញ ,ស្តង់លក់ដូរនានា។លើសពីនេះក៏មានការរៀបចំស្តង់ម្ហូបអាហាររបស់ស្ថានទូតឥណ្ឌានិងស្ថានទូតនៃប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជាផងដែរ។

សូមជម្រាបជូនថា ផ្លូវថ្មើរជើងត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចរហូតដល់ម៉ោង១១ យប់ នៅបណ្តោយតិរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ប្របដងទន្លេសាប នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ។ផ្លូវថ្មើរជើងនេះ ត្រូវបានប្រសិទ្ធនាមថា ផ្លូវថ្មើរជើង ចតុមុខ ដោយសំដៅទៅលើទន្លេចតុមុខស្ថិតនៅខាងមុខព្រះបរមរាជវាំង៕
ដោយ៖ ហេង សម្បត្តិ
