សម្ដេចតេជោហ៊ុន សែន ៖ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ កម្ពុជាគួរពិចារណា​បញ្ឈប់ការចាក់ផ្សាយ​ខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំ​ទំនិញថៃ​មកប្រើក្នុងកម្ពុជាផង

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងពីសកម្មភាពតាមទំនើងចិត្តរបស់ថៃ។សម្ដេចគូសរំលេចថា​បើបានជាជ្រុលរបៀបនេះទៅហើយ សម្ដេចសូមជូនយោបល់ទៅរាជរដ្ឋាភិបាលថា ក្រៅពីបញ្ហាប្តឹងទៅតុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់​ទូរទស្សន៍កម្ពុជាទាំងអស់ និងអាច​ឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ។

​សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចនៅរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះថា​កន្លងមកក្រុមជ្រុលនិយមថៃដោយមានការគាំទ្រពីពួកយោធាដែលនិយមសង្រ្គាមបាន​គំរាម​មកកម្ពុជាថា នឹងកាត់ភ្លើង,កាត់អ៊ីនធឺណិត។ កាត់ភ្លើងអី បើកម្ពុជាមិនប្រើភ្លើងថៃផង។ កាត់អ៊ីនធឺណិតអី បើកម្ពុជាមាន​អ៊ីនធឺណិ​តប្រើគ្រប់គ្រាន់ហើយនោះ។

សម្តេចតេជោហ៊ុន សែន បន្តថា”ខ្ញុំតែងបានអំពាវនាវកុំឱ្យបញ្ហារីករាលដាលពីបញ្ហាជម្លោះយោធានៅតំបន់មួយ រីករាល​ដាលដល់កន្លែង​ផ្សេង​ទៀត និងកុំរីករាលដាលដល់វិស័យផ្សេងទៀត។ តែពេលនេះវាបានរីករួចស្រេច​ទៅហើយ​ដូចជា ការបិទព្រំដែន​ជាឯកតោភាគី បន្ថយចំនួនថ្ងៃស្នាក់នៅ ជាឯកតោភាគី និងការគំរាមកាត់ភ្លើង កាត់អ៊ីនធឺណិត ការរាយ​លួសបន្លាតាម​ច្រកព្រំដែនខ្លះដោយធ្វើតាមទំនើងចិត្ត។បើបានជាជ្រុលរបៀបនេះទៅហើយ ខ្ញុំសូមជូនយោបល់​ទៅរាជ​រដ្ឋាភិបាលថា ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែ​ភាពយន្ត​ថៃលើកញ្ចក់​ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា “កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេ ព្រោះរឿង​នេះយើងក៏លំបាក ថៃខ្លួនឯងក៏លំបាក ដោយសារក្រុមហ៊ុនថៃ ខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរង​ផលប៉ះពាល់​មួយផ្នែកផងដែរ។ រឿងទាំងនេះសុទ្ធតែជាផ្តល់មតិសម្រាប់ការពិចារណា តែរឿង គួរធ្វើភ្លាមគឺបញ្ឈប់​ការចាក់បញ្ចាំង​ខ្សែភាព​យន្តថៃលើកញ្ចក់​ទូរទស្សន៍កម្ពុជា”។

សូមជម្រាបថា សាររបស់សម្តេចតេជោ ហ៊ុន សែន បង្ហោះឡើងបន្ទាប់ពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់លើបណ្ដាញសង្គមថា ចាប់ពីម៉ោង ១២ យប់នេះ(១២ ខែមិថុនា)​ក្រុមហ៊ុនបណ្ដាញ​ខ្សែកាបអុបទិក ឬប្រតិបត្តិករ​អ៊ីន​ធឺណិតទាំងអស់នៅកម្ពុជា និងបញ្ចប់​ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារ​យើងមាន​លទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយ​ខ្លួនឯង។
ដោយឡែកឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ក៏បាន​បញ្ជាក់រួចហើយអំពីសមត្ថភាពរបស់កម្ពុជា​ក្នុងការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា​ដោយខ្លួនឯង។

សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានបន្តថា “បន្ថែមលើក្រសួងពីរខាងលើ ខ្ញុំបានបញ្ជាឱ្យក្រសួងស្ថាប័នរបស់កម្ពុជា ពិនិត្យនិងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីដាក់ចេញនូវវិធានការ​ផ្សេងៗ​បន្ថែមទៀត ប្រសិនបើអ្នកមានការគំរាមកំហែងកាត់ផ្ដាច់​អ្វីផ្សេងទៀត​មក​កម្ពុជាផងដែរ”៕

ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner