សហព័ន្ធលើកទម្ងន់កម្ពុជា បញ្ជូនមន្ត្រីអាជ្ញាកណ្តាល ២រូប និងកីឡាការិនី ចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅសិង្ហបុរី
(ភ្នំពេញ)៖ មន្ត្រីបច្ចេសអន្តរជាតិ ២រូបរបស់កម្ពុជា គ្រូបង្វឹក និងកីឡាការិនី សរុប៤នាក់បានចាកចេញពីមាតុប្រទេស នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីចូលរួមកាត់សេចក្តីការប្រកួត និងចូលរួមប្រកួតកីឡាលើកទម្ងន់ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ពីថ្ងៃទី១២-១៦ ខែមិថុនា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី ។
លោក ផេង ប៉ាក អនុប្រធាន សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានគូសបញ្ជាក់ថា សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានបញ្ជូនអាជ្ញាកណ្តាលអន្តរជាតិ ២រូប គឺលោក ផេង ប៉ាក និងលោកស្រី ពៅ គាថា គ្រូបង្វឹក លោកស្រី ទ្រី សុថាវី និងកីឡាការិនី រើន ស្រីនីត ទៅចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ដោយព្រឹត្តិការណ៍កីឡាលើកទម្ងន់ជើងឯកអាស៊ីអាគ្នេយ៍នេះត្រូវបានបង្កើតឡើងជាលើកទី១ ដើម្បីជំរុញដល់ដំណើរការអភិវឌ្ឍរបស់ប្រភេទកីឡាអូឡាំពិកមួយនេះឱ្យកាន់តែរីកចម្រើន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក ផេង ប៉ាក បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការគណៈកម្មាការជាតិអូរឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ព្រមទាំងឯកឧត្តម តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាកងយោធពលខេមរភូមិន្ទ ដែលបានលះបង់ថវិកាផ្ទាល់ខ្លួនបញ្ជូនអាជ្ញាកណ្តាល គ្រូបង្វឹក និងអត្តពលិកទៅចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសសិង្ហបុរី ឆ្នាំ២០២៥ នាពេលនេះ។
ចំពោះគោលបំណងចម្បង ក្នុងការចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅសិង្ហបុរី លើកនេះ ត្រូវបានលោក ផេង ប៉ាក ពន្យល់ថា គឺដើម្បីឱ្យមន្ត្រីបច្ចេកទេសអន្តរជាតិរបស់កម្ពុជាបានចូលរួមដឹកនាំកាត់សេចក្តីជាមួយមន្ត្រីបច្ចេកទេសអន្តរជាតិមកពីបណ្តាប្រទេសផ្សេងៗ ដោយស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ក្នុងនាមសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាជាសមាជិករបស់អន្តរជាតិ។ ម្យ៉ាងទៀត គឺដើម្បីឱ្យកីឡាការិនីកម្ពុជាបានចូលរួមវាស់ស្ទង់បច្ចេកទេសជាមួយអត្តពលិកអន្តរជាតិ បានដកពិសោធន៍ផង ព្រមទាំងជំរុញលើកទឹកឱ្យកីឡាការិនីកម្ពុជាបានប្រកួតប្រជែងមេដាយយកមកជូនជាតិមាតុភូមិផងដែរ។
មូលហេតុចម្បង ដែលសហព័ន្ធមិនបានបញ្ជូនកីឡាករ កីឡាការិនីច្រើនរូបទៅប្រកួតប្រកួត គឺដោយសារតែលទ្ធភាពខ្វះខាតរបស់សហព័ន្ធ មិនអាចបញ្ជូនច្រើននាក់បាន។ ជាមួយគ្នានេះ ក្នុងនាមអនុប្រធានសហព័ន្ធ លោកក៏បានអំពាវនាដល់បណ្តាក្រុមហ៊ុន សប្បុរសជនចូលរួមជួយជ្រោមជ្រែងឧបត្ថម្ភគាំទ្រជាថវិកា ឬសម្ភារ ជាបន្តបន្ទាប់ ដើម្បីរួមគ្នាអភិវឌ្ឍដល់ដំណើរការអភិវឌ្ឍជំនាញកីឡាមួយនេះឱ្យកាន់តែល្អប្រសើបន្ថែមទៀត៕
ដោយ ៖ ជាវ វន្ធូ
