ប្រមុខការពារជាតិអាមេរិកប្រកាសនឹងកាត់បន្ថយជំនួយយោធាដល់អ៊ុយក្រែនក្នុងឆ្នាំ២០២៦

វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយក្នុងសវនាការសភាថា សហរដ្ឋអាមេរិកនឹងកាត់បន្ថយការផ្តល់មូលនិធិសម្រាប់ជំនួយយោធាដល់អ៊ុយក្រែន នៅក្នុងកញ្ចប់ថវិកាការពារជាតិឆ្នាំ២០២៦ នាពេលខាងមុខ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Kyiv Independent។

ប្រមុខការពារជាតិអាមេរិករូបនេះបានប្រាប់សមាជិកសភាថា នឹងមានការកាត់បន្ថយក្នុងកញ្ចប់ថវិកាឆ្នាំក្រោយ ហើយថា រដ្ឋបាលលោក Trump មានទស្សនៈខុសគ្នាខ្លាំងក្នុងជម្លោះអ៊ុយក្រែន ហើយជឿថា ការចរចាដោយសន្តិវិធី គឺជាផលប្រយោជន៍ល្អបំផុតសម្រាប់ភាគីទាំងពីរ និងផលប្រយោជន៍ជាតិរបស់អាមេរិក ក៏ដូចជាផលប្រយោជន៍ប្រទេសទាំងអស់ជុំវិញពិភពលោក។

មន្ទីរបញ្ចកោណមិនទាន់ចេញផ្សាយឯកសារពេញលេញ ទាក់ទងនឹងកញ្ចប់ថវិកាឆ្នាំ២០២៦របស់ខ្លួននៅឡើយទេ។ ប៉ុន្តែលោក Hegseth បានលើកឡើងថា ថវិកាដែលមិនទាន់សម្រេចនោះ បានផ្តល់កម្រិតថវិកាជាប្រវត្តិសាស្ត្រសម្រាប់ការត្រៀមលក្ខណៈយោធា ដោយដាក់តម្រូវការអ្នកប្រយុទ្ធរបស់អាមេរិកជាធំ។ ប្រមុខការពារជាតិអាមេរិករូបនេះក៏មិនបានបង្ហាញព័ត៌មានលម្អិតពីទំហំនៃការកាត់ថវិកាដល់អ៊ុយក្រែនដែរ។

ក្រោមការដឹកនាំរបស់លោក Trump គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែនបានផ្លាស់ប្តូរយ៉ាងខ្លាំង។ ការអំពាវនាវឱ្យគាំទ្រឯករាជ្យភាព និងអធិបតេយ្យភាពរបស់អ៊ុយក្រែន ត្រូវបានជំនួសដោយការទាមទារឱ្យអ៊ុយក្រែនធ្វើកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាម ហើយជួនកាលលោក Trump ថែមទាំងបានរិះគន់លោក Zelensky។

បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏អាក្រក់របស់មេដឹកនាំទាំងពីរ ក្នុងអំឡុងកិច្ចប្រជុំនៅការិយាល័យពងក្រពើ (Oval Office) ក្នុងខែកុម្ភៈ សហរដ្ឋអាមេរិកបានផ្អាកជាបណ្តោះអាសន្ននូវជំនួយយោធាទាំងអស់ដល់អ៊ុយក្រែន។ លោកប្រធានាធិបតី Zelensky បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា សហរដ្ឋអាមេរិកបានបង្វែរមីស៊ីលប្រឆាំងយន្តហោះដ្រូនចំនួន ២០.០០០គ្រាប់ ដែលមានគោលបំណងប្រគល់ឱ្យអ៊ុយក្រែន ទៅកាន់កងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ាវិញ។

ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធាលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២មក សហរដ្ឋអាមេរិកបានផ្តល់ជំនួយផ្នែកការពារជាតិដល់អ៊ុយក្រែនជាង ៦៦ពាន់លានដុល្លារ។ ប៉ុន្តែលោកប្រធានាធិបតី Donald Trump បានបញ្ឈប់ការអនុម័តកញ្ចប់ជំនួយយោធាថ្មីដល់អ៊ុយក្រែន នៅពេលលោកចាប់ផ្តើមអាណត្តិទីពីរក្នុងខែមករា៕

ប្រភព ៖ Kyiv Independent ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner