ប្រធានក្លឹបបាលទាត់យុវជនស្រុកល្វាឯម បញ្ជាក់ថា ការចូលរួមប្រកួតតំណាងអោយខេត្តកណ្តាល នៅពានសម្តេចតេជោ គឺជាមោទនភាពរបស់ប្រជាពលរដ្ឋទាំងអស់

អត្ថបទដោយ៖
Kien Sereyvuth

លោក កន សុខកាយ អភិបាលស្រុកល្វាឯម និងប្រធានក្លឹបបាលទាត់យុវជនស្រុកល្វាឯម បានបញ្ជាក់ថា ការចូលរួមប្រកួតតំណាងអោយខេត្តកណ្តាល នៅពានសម្តេចតេជោ គឺជាមោទនភាពរបស់ប្រជាពលរដ្ឋទាំងអស់ក្នុងស្រុក ការអះអាងបែបនេះធ្វើឡើងក្រោយបញ្ចប់ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ វគ្គ៨ក្រុមចុងក្រោយ នៅទីលានក្រុងតាខ្មៅ ខេត្តកណ្តាល  ។
លោក អភិបាលស្រុក បញ្ជាក់បន្ថែមថា លទ្ធផលចាញ់ ឬឈ្នះមិនសំខាន់ ប៉ុន្តែលោកមានមោទនភាពចំពោះក្រុមទាំងមូល ពីព្រោះនេះជាលើកទី១ ដែលក្រុមបាល់ទាត់យុវជនស្រុកល្វាឯមមានឪកាសប្រកួតតំណាងអោយខេត្តកណ្តាល ហើយឆ្លងដល់វគ្គ៨ក្រុមចុង និងចាញ់ដោយបាល់១១ម៉ែត្រកាត់សេចក្តី បន្ទាប់ពីស្មើរគ្នាទាំង២ជើង ក្នុងសរុបលទ្ធផល ៤:៤ ។ លោក កន សុខកាយ បន្តថា អ្វីដែលទទួលបានពីការប្រកួតលើកនេះ លោកសង្កេតឃើញថាក្រុមកីឡាករទាំងអស់មានបច្ចេកទេស និងសហការគ្នាបានល្អ ជាពិសេសគឺមានស្មារតីសាមគ្គីភាពក្នុងក្រុម ។ ក្នុងនាមជាថ្នាក់ដឹកនាំក្លឹប និងអភិបាលស្រុកផងនោះ លោក កន សុខកាយ បានប្តេជ្ញាចិត្ត បន្តជ្រោមជ្រែងក្លឹបបាល់ទាត់យុវជនស្រុកល្វាឯមនេះតទៅទៀត ពង្រឹងទាំងសមត្ថភាព បច្ចេកទេសបន្ថែមត្រៀមការប្រកួតនាពេលខាងមុខ ដើម្បីដណ្តើមមុខមាត់ជូនស្រុក និងខេត្ត ។ ពីក្រៅនោះលោក អភិបាលស្រុក ប្តេជ្ញាថែរក្សា លើកទឹកចិត្ត និងគាំទ្រទាំងថវិកា និងស្មារតីដល់កីឡាករទាំងអស់ ទាំងវិស័យកីឡា ការសិក្សានិងការងារផ្សេងៗ មានន័យថា អ្នកលេងកីឡាបន្តលេង អ្នកសិក្សាបន្តការសិក្សា អ្នកធ្វើការងារបន្តធ្វើ ។
សម្រាប់លទ្ធផលការប្រកួតវិញ វគ្គជម្រុះ៨ក្រុមចុង ជើងទី២ នៃការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ ក្រុមខេត្តកណ្តាល ៣:១ ក្រុមខេត្តសៀមរាប  សរុបលទ្ធផលទាំង២ជើងស្មើរ ៤:៤ ដល់នៅវគ្គប៉េណាល់ទីកាត់សេចក្តីក្រុមខេត្តកណ្តាល ចាញ់ដោយលទ្ធផល ១:៣ ខណៈក្រុមខេត្តព្រៃវែង បន្តយកឈ្នះ ខេត្តកោះកុង ៣:០ នៅជើងទី២ ក្រោយនាំមុខកាលពីជើងទី១ ៥:១ សរុបទាំង២ជើង ៨:១ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner