អាកាសធាតុក្តៅ ធ្វើឲ្យដំណាំរបស់ប្រជាកសិករនៅខេត្តស្ទឹងត្រែង រងការខូចខាត ទិន្នផលមានការថយចុះគួរឲ្យកត់សម្គាល់ នាដើមឆ្នាំ២០១៩នេះ
ដោយសារតែអាកាសធាតុក្តៅហួតហែង នារដូវប្រាំងដើមឆ្នាំ២០១៩នេះ បានធ្វើឲ្យមនុស្ស សត្វពាហនៈ ក៏ដូចជាបន្លែបង្ការផ្សេងៗដែលមិនអាចទ្រទ្រង់ នឹងកម្តៅបាន ជាក់ស្តែងរលកកម្តៅដែលកំពុងមានឥទ្ធិពលគ្របដណ្តប់លើប្រទេសកម្ពុជា ដែលបណ្តាលឲ្យតំបន់មួយចំនួនខ្វះទឹកប្រើប្រាស់ ។
លើសពីនេះ បាតុភូតក្តៅហួតហែងនេះផងដែរក៏បាននឹងកំពុងបង្ករផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រជាកសិករប្រកបរបរបណ្តុះផ្សិតអំបោះនៅក្នុងខេត្តស្ទឹងត្រែងដោយធ្វើឲ្យទិន្នផលផ្សិតនោះដែលធ្លាប់តែទទួលបានផលក្នុង១ថ្ងៃជិត១០០គីឡូក្រាម ត្រូវធ្លាក់ចុះមកនៅត្រឹមមិនដល់១០គីឡូក្រាមផង ។ ការប្រឈមនេះ ធ្វើឲ្យកសិករមួយចំនួនផ្អាកការបណ្តុះផ្សិត ព្រោះផលដែលទទួលបានមិនអាចគ្រប់គ្រាន់តាមតម្រូវការនៃការចំណាយប្រចាំថ្ងៃរបស់ពួកគាត់ឡើយ ។
លោកស្រី អ៉ី ដានី កសិករបណ្តុះផ្សិតនៅភូមិដីស ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា៖ សព្វថ្ងៃគ្រួសាររបស់លោកស្រីប្រកបរបរបណ្តុះផ្សិតអំបោះលក់ ដោយរបរនេះមានរយៈពេលបីឆ្នាំមកហើយ វាបានជួយឲ្យជីវភាពគ្រួសារសមរម្យ ថែមទាំងជួយឲ្យលោកស្រីមានលទ្ធភាពទិញដីចំការដាំស្វាយចន្ទីថែមបាន៧ហិកតាទៀតផង ។
អ្នកស្រីបន្តថា៖ ប៉ុន្តែមួយរយៈចុងក្រោយនេះ ប្រហែលពីរខែមកហើយ ចាប់តាំងពីចុងខែកុម្ភៈមក ទិន្នផលផ្សិតដែលធ្លាប់ប្រមូលផលបាន ចន្លោះពី៧០ទៅ៨០គីឡូក្រាមក្នុងមួយថ្ងៃ នៅលើថង់បណ្តុះផ្សិតជាង១ម៉ឺនថង់ បែរជាធ្លាក់ចុះមកនៅត្រឹមតែ៧គីឡូក្រាមប៉ុណ្ណោះ ព្រោះតែអាកាសធាតុក្តៅពេកបណ្តាលឲ្យកូនផ្សិតមិនដុះពន្លកចេញឡើយ វាធ្វើឲ្យបាត់បង់ប្រាក់ចំណូលមួយចំនួនធំ ដែលផលប៉ះពាល់ទាំងនេះ ធ្វើឲ្យអ្នកបណ្តុះផ្សិតមួយចំនួនរងការខាតបង់ ត្រូវបង្ខំចិត្តផ្អាករបរនេះមួយរយៈ។ ប៉ុន្តែសម្រាប់លោកស្រី និងប្តីបានអះអាងថា នឹងមិនបោះបង់របរបណ្តុះផ្សិតនេះឡើយ ក៏នឹងខិតខំតស៊ូស្វែងរកវិធីសាស្ត្រដើម្បីជម្នះនូវរាល់បញ្ហាប្រឈមនេះ ព្រោះបើឈប់អាចដាច់ម៉ូយ ។
ទន្ទឹមនិងនេះ កសិករទាំងពីរនាក់ប្តីប្រពន្ធក៏បានអំពាវនាវដល់អ្នកជំនាញបច្ចេកទេសដែលពាក់ព័ន្ធ ជាពិសេសមន្ទីរកសិកម្មខេត្តស្ទឹងត្រែង សូមជួយបង្ហាញអំពីវិធីដោះស្រាយចំពោះបញ្ហានេះផង ដើម្បីទុកជាបទពិសោធន៍សម្រាប់ឆ្នាំក្រោយៗទៀត ៕ធ.ដ