ឯកឧត្តម សាយ សំអាល់ អញ្ជើញសម្ពោធបើកការដ្ឋានសាងសង់អគារពាណិជ្ជកម្ម ឈីហ្វ ថោវវើ (Chief Tower)

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញសម្ពោធបើកការដ្ឋានសាងសង់អគារពាណិជ្ជកម្ម Chief Tower នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ៣២២ កែងនឹងផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។ 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ និងអបអរសាទរ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន JS PROPERTY INTERNATIONAL ដែលបានដាក់ទុនវិនិយោគយ៉ាងច្រើន ក្នុងការកសាងអគារពាណិជ្ជកម្ម CHIEF TOWER នេះឡើង ជាមួយនឹងការផ្តល់សេវាកម្មពាក់ព័ន្ធផ្សេងៗ សម្រាប់ការធ្វើធុរកិច្ច ការស្នាក់នៅ និងការធ្វើអាជីវកម្មនានា ប្រកបដោយភាពងាយស្រួល និងស្តង់ដារខ្ពស់។

នេះមិនត្រឹមតែឆ្លុះបញ្ចាំងនូវជំនឿទុកចិត្តដ៏មុតមាំរបស់វិនិយោគិន មកលើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញឱ្យឃើញអំពីការគិតគូរដ៏ឈ្លាសវៃរបស់វិនិយោគិនចំពោះទីផ្សាកម្ពុជា ដែលកំពុងមានសន្ទុះយ៉ាងខ្លាំងក្លា និងប្រកបដោយភាពទាក់ទាញផងដែរ។

ក្រសួងបរិស្ថាន បានខិតខំលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ខ្លួន តាមរយៈការធ្វើទំនើបកម្មស្ថាប័ន ការដាក់ចេញនូវរដ្ឋបាលទំនើប និងកែលម្អនូវក្របខណ្ឌច្បាប់ និងគោលនយោបាយជាបន្តបន្ទាប់ ដើម្បីពង្រឹងភាពជាដៃគូកាន់តែប្រសើរជាមួយអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន ក្នុងការលើកកម្ពស់អនុលោមភាពទៅតាមច្បាប់ និងលិខិតបទដ្ឋាននានានៅកម្ពុជា សំដៅរួមគ្នាការពារបរិស្ថាន ព្រមទាំងគាំទ្រដល់ការប្រកបធុរកិច្ចរបស់សហគ្រាស ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព។

ក្នុងន័យនេះ ក្រសួង បាននិងកំពុងកសាង ព្រមទាំងពង្រឹងការអនុវត្តនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដូចជាការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន សំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក និងថង់ប្លាស្ទិក ព្រមទាំងការអនុវត្ត “ផែនការយុទ្ធសាស្ត្រទីក្រុងបៃតងសម្រាប់រាជធានីភ្នំពេញ ២០១៦-២០២៥” ផងដែរ។ ក្រសួង ក៏កំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញចលនាប្រឡងប្រណំាងទីក្រុងឈានមុខ គម្រោងបៃតង ការគ្រប់គ្រងសំរាមសំណល់រឹង-រាវ ការរៀបចំអាងប្រព្រឹត្តកម្ម ការគ្រប់គ្រងការបំពុលខ្យល់ ការរៀបចំសួនច្បារបៃតង ការសន្សំសំចៃថាមពល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបៃតង ព្រមទាំងការគិតគូរផ្សេងៗទៀត ដែលបង្កលក្ខណៈឱ្យមានបរិស្ថាននៃការរស់នៅ និងការអភិវឌ្ឍដោយចីរភាព។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគទាំងអស់ យកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន រាប់ទាំងបទដ្ឋាននិងគោលការណ៍ណែនាំបច្ចេកទេសពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវរាល់សកម្មភាពពាក់ព័ន្ធក្នុងវិស័យសំណង់ ដើម្បីធានាបាននូវគុណភាព សោភ័ណភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

ពិតណាស់ការអនុវត្តបានខ្ជាប់ខ្ជួនតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាននៅកម្ពុជា ពីសំណាក់វិនិយោគិន គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គុណភាពបរិស្ថាន និងសុខដុមរមនាក្នុងសង្គម។ ក្រសួងរីករាយនឹងផ្តល់កិច្ចសហការនានា ប្រសិនបើក្រុមហ៊ុនមានតម្រូវការ ឬសំណូមពរណាមួយ ដើម្បីយើងអាចសម្រេចនូវគោលដៅរួមខាងលើបានល្អប្រសើរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner