នគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ៩នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន
ភ្នំពេញ៖ ដោយគោរពតាមអនុសាសន៍របស់ឯកឧត្ដមឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ទាំង១២ ក្នុងរាជធានីត្រូវខិតខំ ប្រឹងប្រែងការពារ ពួនស្ទាក់ចាប់បទល្មើសផ្សេងៗក្នុងមួលដ្ឋានរបស់ខ្លួន ដើម្បីឲ្យក្លាយជាភូមិឃុំមានសុវត្តិភាពបានយ៉ាងល្អប្រសើរ។
ជាក់ស្ដែង លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩នេះថា កម្លាំងតាមបណ្ដាប៉ុស្ដិ៍របស់លោក បានធ្វើការល្បាតទាំងថ្ងៃទាំងយប់ រហូតចាប់បាន ជនសង្ស័យ៩នាក់ជាបន្តបន្ទាប់ ដែលពួកគេពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ជាមួយគ្នានោះ មានកម្លាំងនគរបាលប៉ុស្ដិ៍ចំនួន៣ ក្នុងមួលដ្ឋានខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យខាងលើ ក្នុងនោះរួមមាន៖ ១)កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការល្បាត និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង១១ និង០០នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅឃ្លាំងដឹកមាន់ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
២)កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល ទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យ៥នាក់ ពីបទប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង២២ និង១៥នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅតាមផ្លូវលំ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ព្រមទាំងដកហូតវត្ថុតាងដូចជា៖ ក្រាមសថ្លា១កូនថង់តូច ម៉ូតូ និងរឺម៉កកង់បី១គ្រឿង និងទូរសព្ទដៃ៣គ្រឿង។
៣)កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការល្បាតក្នុងភូមិសាស្ត្រ និងឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ ពីបទប្រើប្រាស់គ្រឿងញៀន រួមជាមួយនឹងថ្នាំញៀន២កញ្ចប់តូច។ ក្រោយពីធ្វើការសាកសួរតាមជំនាញ របស់សមត្ថកិច្ចតាមបណ្ដាប៉ុស្ដិ៍ខាងលើរួចហើយ ជនសង្ស័យទាំង៩នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីឃុំខ្លួនបណ្ដោះអាសន្ន រង់ចាំអនុវត្តន៍តាមនីតិវិធីនាពេលក្រោយ៕ធ.ដ