ពិធីបូកសរុបលទ្ធផលការងារហ្វឹកហ្វឺនឆ្នាំ២០១៨ និងផ្សព្វផ្សាយផែនការហ្វឹកហ្វឺនកងទ័ពជើងគោកបន្ត ឆ្នាំ២០១៩
នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ការិយាល័យហ្វឹកហ្វឺនកងទ័ពជើងគោក បានបើកកិច្ចប្រជុំបូក
សរុបលទ្ធផលការងារហ្វឹកហ្វឺនកងទ័ពជើងគោកប្រចាំឆ្នាំ២០១៨ និងផែនការលើកទិសដៅកាងាអនុវត្តន៍បន្តសម្រាប់ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក អួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក។ ពិធីនេះបានប្រារពធ្វើនៅបញ្ជាការដ្ឋាកងទ័ពជើងគោក កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ូ សុភា នាយសេនាធិការង កងទ័ពជើងគោក បានអានរបាយការណ៍បូកសរុបការងារហ្វឹកហ្វឺនកងទ័ពជើងគោកប្រចាំឆ្នាំ២០១៨ ដែលនាយ-ពលទាហានគ្រប់បណ្តាកឯកភាព
ទូទាំងកងទ័ពជើងគោក បានខិតខំបំពេញភារកិច្ចដែលមេបញ្ជាការកងទ័ពជើងគោកប្រគល់ជូន។ ជាលទ្ធផលសរុបបានចំនួន១០២វគ្គ មានសិក្ខាកាមសរុបចំនួន១២៥៥៦នាក់ បើកវគ្គអប់ចិត្តសាស្ត្របានចំនួន៦៥៨លើក ច្បាប់និងអប់រំសុខភាពចំនួន១៤០លើក អប់រំក្រៅប្រព័ន្ធចំនួន១២លើក ហ្វឹកហ្វឺននៅនឹងកន្លែងបានចំនួន១៧៨៥លើក មានសិក្ខាកាមសរុបចំនួន ២៣១,៧៧៩នាក់ និងហ្វឹកហ្វឺនបណ្តាសាលាក្រសួងការពារជាតិបានចំនួន២១លើក និងហ្វឹកហ្វឺនក្រៅប្រទេសរួមមាន វៀតណាម ចិន កូរ៉េ និងប្រទេសឡាវ សរុបចំនួន៨៤០នាក់។ របាយការណ៍ក៏បានដាក់ចេញទិសដៅសម្រាប់អនុវត្តការងារឆ្នាំ២០១៩ផងដែរ។
បន្ទាប់មក ឯកឧត្តមឧត្តមសេនីយ៏ត្រី ថេង ប៊ុនឡុង នាយការិយាល័យហ្វឹកហ្វឺនកងទ័ពជើងគោកបានចូលរួមបកស្រាយ នីងផ្តល់បទពិសោធន៍មួយចំនួនដើម្បីឲ្យការងារហ្វីកហ្វឺនកងទ័ពជើងគោកនាឆ្នាំខាងមុខទទួលបានលទ្ធផលប្រសើរ លើសេចក្តីណែនាំការហ្វឹកហ្វឺនទ័ពថ្មី ហ្វីកហ្វឺននាយទាហានជាន់ទាប (ការបណ្តុះបណ្តាល បំប៉ន ) ការត្រួតពិនិត្យ បាញ់គ្រាប់ពិត និងរបៀបការគិត ស្នាដៃបុគ្គល និងអង្គភាពជាដើម។ នៅក្នុងឱកាសនោះ សមាជិកអង្គប្រជុំទាំងអស់ ក៏បានធ្វើការពិភាក្សាលើខ្លឹមសារលទ្ធផលរបាយការណ៍បូកសរុបការងារឆ្នាំ២០១៨ រួមនឹងការងារលំបាកដែលបណ្តាជំនាញបានជួបប្រទះ ដកពិសោធន៍កែសម្រួលការងារ ដើម្បីដាក់ចេញទិសដៅបន្តឆ្នាំ២០១៩ ឲ្យអនុវត្តសម្រេចបានលទ្ធផលល្អបន្ថែមទៀត។
អញ្ជើញមានប្រសាសន៍បូកសរុបនៃកិច្ចប្រជុំនាឱកាសនោះឯកឧត្តម អួន សារឿន ក្នុងនាមឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃ ខ ភ ម មេបញ្ជាការកងទ័ពជើងគោក បានកោតសរសើរ និងវាយតម្លៃខ្ពសចំពោះការខិតខំប្រឹងប្រែងពុះពារបំពេញរាល់ភារកិច្ចនូវស្នាដៃរយៈពេល ១ឆ្នាំកន្លងមក ដែលនាយ-ពលទាហានចំណុះកងទ័ពជើងគោកសម្រេចបាន។ ឆ្លងតាមស្នាដៃជាច្រើន សម្រេចបាននេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះការសហការជាធ្លុងមួយហើយបាន ធ្វើឲ្យការងារហ្វឹកហ្វឺនប្រចាំឆ្នាំ២០១៨ ទទួលបានលទ្ធផលគួជាទីមោទនៈ។ បន្ទាប់ធ្វើបទអន្តរាគមន៍លើចំណុចមួយចំនួនរួចមក ឯកឧត្តមក៏បានផ្តាំផ្ញើដល់អង្គសិក្ខាសាលាបន្តយកចិត្តទុក្ខដាក់អនុវត្តន៍ផែនការ ការងារឆ្នាំ២០១៩ ប្រកបដោយប្រសិទ្ធភាព បន្តចូលគាំទ្រកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ និងមានការសហការខ្ពស់រវាងនាយ ពលទាហាន ក៏ដូចជាគ្រប់បណ្តាអង្គភាភពនិងជំនាញទូទាំងកងទ័ពជើងគោក ក្នុងឆ្នាំ២០១៩នេះបានល្អប្រសើរថែមទៀត៕ម.ន