ភ្ញៀវទេសចរអន្ដរជាតិ មកកម្សាន្ដនៅខេត្ដព្រះសីហនុនៅតែបន្ដកើនឡើង ប៉ុន្តែភ្ញៀវជាតិថយចុះ
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុ បានប្រាប់ឲ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិ មកសម្រាកលេងលម្ហែកម្សាន្តនៅខេត្ដព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃចន្ទ ទី៤ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតែកើនឡើងតែភ្ញៀវជាតិបានថយចុះ។
ភ្ញៀវទេសចរចំនួនសរុបជិត៦ម៉ឺននាក់ (៥៨,០០០) ថយចុះ៣៤,០៩% ធៀបទៅនឹងឆ្នាំមុនជិត៩ម៉ឺននាក់ (៨៨,០០០) ក្នុងនោះមាន-ភ្ញៀវទេសចរជាតិជាង៤ម៉ឺននាក់ (៤៥,៥០០) ថយចុះ ៤២,៤៤% ធៀបទៅនឹងឆ្នាំមុនជិត ៨ម៉ឺននាក់ (៧៩,០៥០) និងភ្ញៀវអន្តរជាតិជាង១ម៉ឺននាក់ (១២,៥០០) កើនឡើង ៣៩,៦៦% ធៀបទៅនឹងឆ្នាំមុនជិត៩ពាន់នាក់ (៨,៩៥០)។
លោកឲ្យដឹងផងដែរថា ភ្ញៀវទេសចរធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិខេត្ដព្រះសីហនុ មានប្រមាណ៤៩ជើងហោះហើរ។ ភ្ញៀវសរុបប្រមាណ ៥,២២០នាក់ ក្នុងនោះភ្ញៀវជាតិ១៥០នាក់ និងអន្តរជាតិប្រមាណ៥,០៧០នាក់។ ភ្ញៀវទេសចរទៅតាមបណ្តាកោះនានាសរុបជិត១ម៉ឺននាក់ (៩,២៩០) ក្នុងនោះមានភ្ញៀវទេសចរជាតិជាង២ពាន់នាក់ (២,៥៥៥) និងភ្ញៀវទេសចរអន្តរជាតិជិត៧ពាន់នាក់ (៦,៧៣៥)។
រីឯចំនួននាវាទេសចរណ៍បរទេស ចូលសុំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួន១គ្រឿង មានភ្ញៀវទេសចរសរុបជិត៣០០នាក់ នាវិកសរុប១៩៥នាក់។ ចំពោះភ្ញៀវនៅតាមរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុមាន៖
១)រមណីយដ្ឋានក្បាលឆាយ មានភ្ញៀវទេសចរសរុបចំនួន៣,៦៥៤នាក់ (ភ្ញៀវជាតិ៣,២៨៩នាក់ និងអន្តរជាតិ៣៦៥នាក់)។
២)រមណីយដ្ឋានថ្មរូង មានភ្ញៀវសរុប២,៣៥០នាក់(ភ្ញៀវជាតិជាតិ២,២៩០នាក់ និងភ្ញៀវអន្តរជាតិ៦០នាក់)។
៣)រមណីយដ្ឋានពិកនិក មានភ្ញៀវសរុប ៦៥០នាក់ (ភ្ញៀវជាតិសរុប៤៥៥នាក់ និងអន្តរជាតិ១៩៥នាក់)៕ធ.ដ