ព្រះរាជពិធីពន្លត់ភ្លើងជ័យអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា២០១៨
ពិធីពន្លត់ភ្លើងជ័យអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាបុណ្យឯករាជ្យជាតិ ក្រោយពេលព្រះរាជាណាចក្រកម្ពុជាបានទទួលឯករាជ្យទាំងស្រុងពីបារាំង បានប្រារព្ធធ្វើឡើងនៅរសៀលនេះ នៅវិមានឯករាជ្យក្រោមព្រះវត្តមានព្រះរាជាធិបតីដ៏ខ្ពង់ខ្ខស់ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការដង្ហែអមព្រះរាជដំណើរដោយប្រមុខដឹកនាំរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា នាម៉ឺនសព្វមុខមន្ត្រី ព្រមទាំងមហាជនយ៉ាងច្រើនកុះករ។
ថ្ងៃទី០៩ខែវិច្ឆិការៀងរាល់ឆ្នាំជាពិធីដ៏មានអត្ថន័យជាប្រវត្តិសាស្រ្ត ដែលប្រជាជន កម្ពុជាបាននាំគ្នាអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦២ឆ្នាំ នៃថ្ងៃបុណ្យឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលឯករាជ្យទាំងស្រុងពីអាណានិគមន៏បារាំង។ គួរបញ្ជាក់ថាទិវាបុណ្យឯករាជ្យជាតិ ត្រូវបានប្រារព្ធឡើងដើម្បីរំលឹកដល់ស្នាព្រះហស្ថរបស់សម្តេចព្រះរតនកោដ្ឋិ នរោត្តម សីហនុ ដែលព្រះអង្គបានដឹកនាំធ្វើព្រះរាជបូជនីយកិច្ច ដណ្តើមឯករាជ្យភាពពេញលេញពីប្រទេសបារាំង ដែលបានធ្វើជាអាណាព្យាបាល កម្ពុជា ចាប់តាំងពីឆ្នាំ១៨៦៣ ដល់ថ្ងៃទី៩វិច្ឆិកា ឆ្នាំ១៩៥៣។
ក្នុងឱកាសព្រះរាជពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃថ្ងៃបុណ្យឯករាជ្យជាតិឆ្នាំ២០១៨នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដង្ហែអមព្រះរាជដំណើរ ដោយថ្នាក់ដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ស្តេចយាង លំអោនកាយគោរពវិញ្ញាណក្ខន្ធ មុននឹងព្រះអង្គ ស្តេចយាងពន្លត់ភ្លើងជ័យ និងប្រគេនទេយ្យវត្ថុថ្វាយ សម្តេចព្រះសង្ឃរាជទាំងពីរគណៈ។
សូមរំលឹកថា៖តាមប្រវត្តិសង្ខេបនៃព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យនៅកម្ពុជាបានបញ្ជាក់ថា នៅក្នុងព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ ទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីទាមទារឯករាជ្យនៅកម្ពុជាឲ្យរួចចាកពីអាណានិគមនិយមបារាំង ដែលមានខ្លឹមសារជាអាទិ៍ថាៈ តាមសន្ធិសញ្ញាចុះថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ១៩៤៩ បារាំងបានទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យ របស់ព្រះរាជាណាចក្រកម្ពុជា។
ជាគោលការណ៍តាមផ្លូវច្បាប់នេះ យើងបានទទួលមែន ប៉ុន្តែចំពោះការអនុវត្តជាក់ស្តែង ឯករាជ្យនេះនៅខ្វះវិស័យជាច្រើនទៀត ដូចជាអធិបតេយ្យ ខាងយុត្តិធម៌ ប៉ូលិស អំណាចបញ្ជាការយោធា ការទូត ការប្តូរ និងការឲ្យចាយធនប័ត្រ ដើម្បីឲ្យមានឯករាជ្យទាំងស្រុង។តាម រយៈការខិតខំ របស់ព្រះអង្គសម្តេចឪ ជាបន្តបន្ទាប់ អធិបតេយ្យទាំងមូលលើផ្នែកការទូតត្រូវបាន ធ្វើឡើងតាមរយៈការប្តូរលិខិតរវាងរដ្ឋាភិបាលបារាំង និងរាជរដ្ឋាភិបាល។
ក្នុងព្រះរាជសកម្មភាពដ៏ថ្លៃថ្លា របស់ព្រះអង្គជាបន្តបន្ទាប់ ទាំងក្នុងប្រទេស និងក្រៅប្រទេស ធ្វើចលនាតស៊ូដើម្បីទាក់ទាញពិភពលោក ឲ្យមានការចាប់អារម្មណ៍គាំទ្រកម្ពុជា ដោយការយាងទៅគង់នៅតំបន់ស្វយ័តមួយចំនួន ដូចជាខេត្តសៀមរាប បាត់ដំបង និងកំពង់ធំ។ លុះនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ព្រះករុណា ព្រះបាទសម្តេចព្រះវររាជបិតាជាតិខ្មែរ ព្រះមហាវីរក្សត្រសម្តេចឪ ព្រះអង្គបានយាងចូលមកក្នុងរាជធានីភ្នំពេញវិញ។
ប្រជារាស្ត្រខ្មែរ ក្នុងក្តីរំជួលចិត្ត បានធ្វើឲ្យព្រះអង្គទទួលបាននូវជោគជ័យមួយ ដែលមិនធ្លាប់មានពីមុនមក។ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ គឺ៨ខែមុនសន្និសីទក្រុងហ្សឺណែវ មានធ្វើពិធីមួយនៅមុខព្រះបរមរាជវាំង ដែលឧទ្ទិសចំពោះការដកថយ នៃអំណាចរបស់បារាំងពីប្រទេសកម្ពុជាពេលនោះ លោក ឡង់ ក្លាត បានប្រគល់យ៉ាងមហោឡារិកនូវអំណាចបញ្ជាការរបស់ខ្លួនថ្វាយព្រះរាជាខ្មែរ។ ភ្លាមនោះកងទ័ព និងអគ្គសេនាធិការរបស់បារាំង បានដកថយពីព្រះរាជាណាចក្រកម្ពុជា។
ឯករាជ្យរបស់ខ្មែរ បានក្លាយទៅជាឯករាជ្យអចិន្ត្រៃយ៍និងទាំងស្រុង។ វិបត្តិរវាងបារាំង និងខ្មែរ ត្រូវបានបញ្ចប់។ ពពកខ្មៅចុងក្រោយ ដែលបិទបាំងមិត្តភាពខ្មែរ-បារាំង បានរលាយសាបសូន្យទាំងស្រុង បន្ទាប់ពីការទទួលស្គាល់ទាំងស្រុងពីប្រទេសបារាំងនៅខែធ្នូ ឆ្នាំ១៩៥៤ លើអធិបតេយ្យទាំងមូលរបស់កម្ពុជា លើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងឱកាសយាងជាព្រះអធិបតីដ៏ខ្ពង់ដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងព្រះរាជពិធីបុណ្យឯករាជ្យជាតិអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំ ៩វិច្ឆិកាឆ្នាំ២០១៨នេះ ក្រៅតែពិធីផ្លូវការ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គក៏បានយាងសាកសួរសុខទុក្ខចំពោះប្រជារាស្ត្រ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សដែលមានវត្តមាននាឱកាសនោះផងដែរ។
ព្រះរាជាណាចក្រកម្ពុជាទីពីរយើងនេះក្រោមព្រះរាជកិច្ចរបស់ព្រះមហាក្សត្យ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងការដឹកនាំដ៍ឈ្លាសវៃ របស់រាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជាកំពុងទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍដ៍ពេញលេញ។
ជារៀងរាល់ឆ្នាំបុណ្យឯករាជ្យជាតិ តែងតែត្រូវបានប្រារព្ធអុជទៀនជ័យក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ វិច្ឆិកាដោយមានការបាញ់កាំជ្រួចអបអរសាទរនៅពេលរាត្រី ហើយថ្ងៃទី១១ វិច្ឆិកាគឺជាថ្ងៃដែលត្រូវរៀបចំ ព្រះរាជពិធីពន្លត់ទៀនជ័យក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះ ករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕ សុភា,ហួត,សិដ្ឋ